បច្ចេកវិទ្យា

បះសក់! ឡានថ្លៃបំផុតរបស់ Tesla អាចជាន់ពីកុងទ័រ ០ ដល់ ១០០គ.ម/ម៉ ប្រើពេលត្រឹម ១,១វិនាទី

ថ្វីបើមានការពន្យារពេលជាយូរមកក្តី ប៉ុន្តែរថយន្ត Tesla Roadster ជំនាន់ទី២ នឹងបង្ហាញខ្លួនជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាក៏ដោយ វាមិនមែនជារថយន្តអាទិភាពដែល លោក Elon Musk ត្រូវប្រញាប់បញ្ចេញនោះទេ ដោយសារតែវាមានតម្លៃថ្លៃ។

គួររំលឹកឲ្យដឹងថា រថយន្ត Tesla Roadster បានបង្ហាញខ្លួនលើកដំបូង កាលពីចុងឆ្នាំ២០១៧។ បន្ទាប់មក លោក Musk បានប្រកាសថា រថយន្តស្ព័រអគ្គិសនីនេះ នឹងមាន Option ពិសេសមួយហៅថា “SpaceX Package” ដែលជួយឲ្យវាអាចបង្កើនល្បឿនចេញដេប៉ាកាន់តែលឿន។

ពីមុនមកគេបានដឹងថា រថយន្ត Tesla Roadster អាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១,៩វិនាទី ដោយមិនមាន Option “SpaceX Package” ឡើយ។ ប៉ុន្តែថ្មីៗនេះគេបានប្រទះឃើញ រថយន្ត Roadster ដែលដាក់តាំងនៅសារមន្ទីរ Petersen Automotive Museum ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ដោយក្នុងនោះក៏មានបង្ហាញពីល្បឿនរត់ស្ទុះថ្មីរបស់វាផងដែរ។

តាមរយៈការបញ្ជាក់ពីក្រុមហ៊ុន Tesla រថយន្ត Roadster ដែលបំពាក់ Option ពិសេស SpaceX Package នោះ នឹងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១,១វិនាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត Tesla Roadster ត្រូវបានគេរំពឹងថា នឹងមានតម្លៃចាប់ពី ២០០ ០០០ដុល្លារ សម្រាប់ប្រភេទ Base Model ខណៈប្រភេទ Founder’s Series មានតម្លៃចាប់ពី ២៥០ ០០០ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ Tesla មិនទាន់បានបង្ហាញឲ្យដឹងពីតម្លៃ Option “SpaceX Package” នៅឡើយទេ៕

Most Popular

To Top