បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ក្នុងពេលដែលបច្ចេកវិទ្យា 5G នឹងមានវត្តមាន នៅក្នុងប្រទេស ប្រេស៊ីលនោះលោក ស្រីរដ្ឋមន្ត្រី Tereza Cristina ក្រសួងកិច្ចការងារ កសិកម្មបានជឿជាក់ថា ក្រុមយុវជនដែលមានវ័យក្មេងៗនឹងអាចសម្រេចចិត្ត ត្រឡប់មកធ្វើការនៅ តាមតំបន់ជនបទវិញ។
លោកស្រី Cristina បានបន្តទៀតថា បច្ចុប្បន្នមនុស្សដែលរស់នៅតាមតំបន់ ជនបទគឺមានអាយុកាន់តែចំណាស់ហេតុដូចនេះ យើងពិតជាត្រូវការចាំបាច់ ធនធានមនុស្សដែលមានវ័យក្មេង ដើម្បីមកធ្វើការងារដ៏ច្រើនជាពិសេស ពាក់ព័ន្ធនឹងវិស័យកសិកម្មតាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា 5G។
លោកស្រីបន្តថាលទ្ធភាពក្នុងការផ្តល់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ និងអ្នកផលិតកសិផលយើងនឹងអាចផ្សាភ្ជាប់កាន់តែជិតស្និទ្ធជាមួយនឹងតំបន់ជនបទហើយដូចនេះវានឹង អាចទាក់ទាញចំណាប់ អារម្មណ៍របស់ក្រុមមនុស្សវ័យក្មេងៗ ត្រឡប់មកធ្វើការងារជាមួយនឹងឪពុកម្តាយរបស់គេ កាន់តែច្រើនឡើងវិញ។
គួរឲ្យដឹងដែរថាបច្ចេកវិទ្យា 5G បានចាប់់ផ្តើមដំណើរការ ជាលើកដំបូងនៅក្នុងតំបន់ជនបទ ភាគខាងលិចនៃប្រទេសហើយ ហើយជឿជាក់ថាតាមផែនការ របស់រដ្ឋាភិបាលបច្ចេកវិទ្យានេះ នឹងត្រូវបានដាក់ពង្រាយ បន្តទៀតឲ្យបាននៅគ្រប់ រដ្ឋទាំងអស់របស់ខ្លួនត្រឹមខែកក្កដាឆ្នាំ២០២២ ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី