បរទេស៖កាលពីថ្ងៃពុធម្សិលមិញនេះ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន យក្ស Apple លោក Tim Cook បានធ្វើការផ្ញើរអ៊ីម៉េលជាផ្លូវការមួយទៅកាន់ បុគ្គលិកទាំងអស់ របស់ខ្លួនដើម្បីឲ្យចូលមកធ្វើការវិញ យ៉ាងហោចណាស់ឲ្យបាននៅដើម ខែកញ្ញានេះ។
នៅក្នុងអ៊ីម៉េលដដែលនោះបានបញ្ជាក់ទៀតថា ការចូលធ្វើការងារវិញនៅដើមខែកញ្ញានេះទោះបីជាយ៉ាងណាក្តីគឺនឹងតំរូវឲ្យពួកគេធ្វើការងារត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ពោលគឺថ្ងៃចន្ទថ្ងៃអង្គារនិង ថ្ងៃព្រហស្បតិ៍ហើយ 2 ថ្ងៃផ្សេងទៀតគឺអនុញ្ញាតិឲ្យធ្វើការពីផ្ទះហើយអ្នក ដែលចង់បំពេញការងារ ៥ថ្ងៃក្នុងមួយសប្តាហ៍ ក៏មិនត្រូវបានរារាំងនោះដែរ។
លោក Cook បានបន្តទៀតថាក្រៅពីនោះបុគ្គលិកទាំងអស់ មានសិទ្ធក្នុងការដាក់ច្បាប់ដើម្បីអាចទទួលបានពេលវេលា 2 សប្តាហ៍ក្នុងមួយឆ្នាំបន្ថែមពីលើនេះដើម្បីអាចឲ្យពួកគេធ្វើការងារ ពីចំងាយក្នុងគោលបំណងធំ ដើម្បីឲ្យបុគ្គលិកអាចបង្កើនភាពស្និទ្ធស្នាលជាមួយ នឹងមនុស្ស
ជាទីស្រលាញ់ខ្លួនព្រមទាំងគ្រួសារផង ឬក៏អាចប្រើប្រាស់ពេលវេលានេះ ធ្វើដំណើរផងនិងធ្វើការផងក៏បានដែរ។
ជំហរបស់ Apple ទៅលើការងារធ្វើពីចំងាយនៅតែមានខ្លាំងប្រៀបធៀបទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងៗទៀតដោយកាលពីខែឧសភាកន្លងមកនេះ Google ក៏ធ្លាប់បានប្រកាសថាបុគ្គលិករបស់ខ្លួន 20 នឹងអាចធ្វើការងារពីផ្ទះជាអចិន្ត្រៃយ៍តែម្តងខណៈដែល Facebook វិញបាននិយាយថាការធ្វើការងារពីចំងាយឬពីផ្ទះនេះគឺជាអនាគតហើយបញ្ជាក់ប្រាប់បុគ្គលិករបស់ខ្លួនថាពួកគេអាចធ្វើការងារពីផ្ទះបានគ្រប់គ្នាប្រសិនបើមេផ្នែករបស់ខ្លួន
នឹងសម្រេចចិត្តក្នុងការអនុញ្ញាតិ៕ប្រែសម្រួល៖ស៊ុនលី