សុវត្ថិភាពលើទិន្នន័យ បានក្លាយរឿងឈឺក្បាល ក្នុងសម័យឌីជីថលនេះ។ Hacker មានវិធីសាស្ត្រច្រើន ក្នុងការព្យាយាម ដើម្បីប៉ុនប៉ងចូលលួចយកទិន្នន័យ លើកុំព្យូទ័រដែលភ្ជាប់ទៅកាន់ អ៊ីនធឺណិត។
Hacker ទាំង ១០ ដែលមានកេរ្តិ៍ឈ្មោះសាហាវបំផុត។
១) Jonathan James
Jonathan James នៅវ័យអាយុ ១៦ ឆ្នាំ បាន Hack ចូលប្រព័ន្ធកុំព្យូទ័រ ក្នុងការិយាល័យសន្តិសុខ នៃក្រសួងការពារជាតិអាមេរិក និង Hack ចូលប្រព័ន្ធព័ត៌មាន របស់អង្គការ NASA និងលួចយកកម្មវិធីជាច្រើន។
ក្រោយមក James ត្រូវបានចាប់ខ្លួន។ ដោយសារស្ថិតនៅក្នុងវ័យ ជាអនីតិជន ក៏ត្រូវដាក់ឃុំនៅក្នុងផ្ទះ រហូតដល់អាយុ ១៨ ឆ្នាំ លោកបានសម្តែងការសោកស្តាយ សម្រាប់សកម្មភាពរបស់គេ។
ឆ្នាំ ២០០៧ ហាងលក់ទំនិញ TJX បានរាយការករណីមានការ Hack ចូលប្រព័ន្ធកុំព្យូទ័រ និងលួចរកទិន្នន័យ របស់អតិថិជន។ មន្រ្តីសន្តិសុខបានដៅឈ្មោះ James ថាបានពាក់ព័ន្ធនឹងសកម្មភាពនោះ តែមិនមានភស្តុតាងគ្រប់គ្រាន់។ សំពាធផ្លូវចិត្តខ្លាំង រហូតដល់លោកបានធ្វើអត្តឃាតនៅឆ្នាំ ២០០៨ ទាំងវ័យក្មេង។
២) Kevin Poulsen ឬ Dark Dante
លោកគឺជាជនជាតិអាមេរិកដំបូងគេ ទទួលការបណ្តុះបណ្តាលជំនាញពិសេស ក្នុងការលួចចូលប្រព័ន្ធខ្សែទូរសព្ទ។ លោកទទួលបានការចាប់អារម្មណ៍ នៅពេលចូលលុកលុយ កម្មវិធីស្ថានីយវិទ្យុមួយ ដើម្បីក្លាយជាអ្នកហៅទូរសព្ទទី 102 បានឈ្នះរថយន្ត Porsche។
លោកបានបើកដំណើរការឡើងវិញ លេខទូរសព្ទចាស់ៗរបស់ Yellow Page ដើម្បីឱ្យមិត្តភ័ក្ដិអាចធ្វើប្រតិបត្តិការ សេវាបន្ទាន់។ នៅពេលឈ្មោះលោកបានលេចឡើង នៅក្នុងកម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា ដំណោះស្រាយអាថ៌កំបាំង Unsolved Mysterious ស្រាប់តែប្រព័ន្ធលេខទូរសព្ទ លេខ 1-800 លែងដំណើរការ ។
Kevin បានសម្រេចចិត្តបោះបង់ចោល អតីតកាលក្លាយជាអ្នកសារព័ត៌មាន។
៣) Nashon Even-Chaim ឬ Phoenix
ជាអ្នកជំនាញជាងគេ ក្នុងក្រុម Hacker ហៅថា The Realm មានមូលដ្ឋាននៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ ការចាប់ខ្លួនរូបលោក ជាលើកទីមួយ របស់ពិភពលោក ចំពោះការលួចប្រើទិន្នន័យពីចម្ងាយ ដែលបានប្រើជាភស្តុតាង សម្រាប់ការកាត់ទោសឧក្រិដ្ឋជនកុំព្យូទ័រ។
គោលដៅជាបឋមរបស់ Nashon កំឡុងពេលមានសកម្មភាពរបស់លោកច្រើនឆ្នាំ មានសកលវិទ្យាល័យ អង្គការ ក្នុងនោះក៏មាន NASA ផងដែរ។
Nashon បានប្តូរជំនាញមកពាក់ព័ន្ធនឹងតន្ត្រីជំនួសវិញ។
៤) Adrian Lamo
Hacker មានបំណងរកលុយ និងកេរ្តិ៍ឈ្មោះ ហៅថា Black Hat ខណៈ Hacker មានបំណងជួយពង្រឹងប្រព័ន្ធសុវត្ថិភាព ការពារពីក្រុម Black Hat ហៅថា White Hat។
លោក Adrian Lamo ស្ថិតក្នុងប្រភេទ Grey Hat ដែលមានបំណងលើចំណុចទាំងពីរខាងលើ។
គាត់ទទួលការចាប់អារម្មណ៍ដំបូងពេល Hack ចូលប្រព័ន្ធក្រុមហ៊ុនធំៗដូចជា Yahoo, Microsoft, The New York និងមួយចំនួនទៀត។ ពេល Lamo បានចាប់ខ្លួន ដោយការចូលប្រព័ន្ធមិនមានការអនុញ្ញាត ត្បិតរូបលោកបញ្ជាក់ថា ខ្លួនបានធ្វើនេះ ជួយកំណត់ចន្លោះប្រហោងប្រព័ន្ធ និងអាចជួយសន្សំលុយពួកគេបានច្រើន។ Lamo ត្រូវបានឃុំខ្លួន ៦ ខែ និងបង់ប្រាក់ពិន័យ ៦៥ ០០០ដុល្លារ។
Lamo បានរស់នៅលាក់ខ្លួន បារម្ភពីជីវិតរូបលោក ចំពោះទង្វើកន្លងមក។
៥) Kevin Mitnick
នៅអាយុ ១៦ឆ្នាំ លោកបាន Hack ចូលប្រព័ន្ធកុំព្យូទ័រនានា និងចម្លងកម្មវិធីជាច្រើន។ ក្រោយឃុំខ្លួនបានមួយរយៈ លោក Mitnick បន្ត Hack ចូលប្រព័ន្ធ និងបានរត់គេចខ្លួន ២ឆ្នាំ កន្លះ ដោយប្រើទូរសព្ទ Clone លាក់បាំងទីតាំងលោក។ តែចុងក្រោយបានចាប់ខ្លួនក្នុងឆ្នាំ ១៩៩៥ និងត្រូវឃុំខ្លួន ៤ ឆ្នាំ។
Mitnick បានបើកដំណើរការក្រុមហ៊ុន IT Security ហៅថា Mitnick Security Consulting LLC ជួយក្រុមហ៊ុនការពារ Hacker ពីការជ្រៀតចូលប្រព័ន្ធ។ រូបលោកក៏ជាសមាជិក អ្នកផ្តល់ប្រឹក្សា សម្រាប់ក្រុមហ៊ុនជាច្រើនផងដែរ។
៦) Albert Gonzales
ចាប់ពីពាក់កណ្តាលឆ្នាំ ២០០៥ ដល់ចុងឆ្នាំ ២០០៧ លោក Gonzales បាន Hack ចូលប្រព័ន្ធកុំព្យូទ័រ របស់ TJX group និងលួចយកទិន្នន័យកាតច្រើនជាង ៤៥ លាន។ រូបលោកបានចាប់ខ្លួនក្នុងឆ្នាំ ២០០៨ និងបន្តរហូតដល់ ឆ្នាំ ២០២៥។
៧) Gary McKinnon
Gary McKinnon បានចូលវាយប្រហារប្រព័ន្ធកុំព្យូទ័រ Server របស់យោធាអាមេរិក ហើយបានលុបព័ត៌មានសំខាន់ៗ, កម្មវិធី និងទិន្នន័យជាច្រើនទៀត។ ទំហំខូចខាតនេះ រដ្ឋាភិបាលអាមេរិកត្រូវចំណាយច្រើនជាង ៧០ ០០០ ដុល្លារ សម្រាប់ស្តាឡើងវិញ នូវអ្វីលោក McKinnon បានធ្វើ។
បច្ចុប្បន្ន Gary McKinnon ជា System Administrator មួយរូប។
៨) Michael Demon Calce
ត្រលប់ទៅកាលឆ្នាំ ២០០០ កាលនោះ Yahoo! ជាវេបសាយល្បីបំផុតលើអ៊ីនធឺណិត និងជា Search Engine មានការប្រើប្រាស់ច្រើនបំផុត។ លោក Calce បានកំណត់គោលដៅប្រព័ន្ធ Yahoo! និងបិទមិនឲ្យដំណើរការច្រើនជាង ១ ម៉ោង។ រូបលោក ក៏បានបិទដំណើរការរបស់ Ebay, Amazon, Dell, CNN និងវេបសាយល្បីៗមួយចំនួនទៀតផងដែរ។ ក្រោយមកទៀត រូបលោក ត្រូវបានចាប់ខ្លួន។
បច្ចុប្បន្ន គាត់ជាអ្នកកាសែត អ្នកនិពន្ធ អ្នកផ្តល់ប្រឹក្សា និងជាវាគ្មិនមួយរូបជជែកពីប្រធានបទសុវត្ថិភាពលើអ៊ីនធឺណិត។
៩) Jeanson James Ancheta
លោកបានគ្រប់គ្រងកុំព្យូទ័រ រាប់លានគ្រឿង ដោយប្រើ Botnet។ Ancheta ត្រូវបានចាប់ខ្លួន ឆ្នាំ ២០០៥ ជាប់ពន្ធធនាគារ ៥ ឆ្នាំ។ ហើយប្រាក់កំរៃ រកបានត្រូវបង់សងចំណាយលើការខូចខាត ដោយទង្វើរបស់គាត់។
១០) Chad Davis
Chad Davis ជាផ្នែកមួយនៃក្រុម Hacker GlobalHell។ លោក Davis បានបិទដំណើរការវេបសាយរបស់យោធាអាមេរិក ជាមួយនឹងសារបង្ហាញ GlobalHell will not die រយៈពេលដល់ទៅ ៤ ម៉ោង។ រូបលោកត្រូវបានជាប់ពន្ធធនាគារ ៦ ខែ និងផ្អាកមិនឲ្យប្រើកុំព្យូទ័ររយៈពេល ៣ ឆ្នាំ។
ក្រោយចេញមកវិញ លោក Davis ជាវាគ្មិន ជជែកពីសារៈសំខាន់សុវត្ថិភាពលើអ៊ីនធឺណិត។ បច្ចុប្បន្ន រូបលោកជាអ្នកផ្តល់ប្រឹក្សា ទាក់ទងនឹងសុវត្ថិភាពដល់ក្រុមហ៊ុននានា៕ ប្រភព៖ សប្បាយ