បច្ចេកវិទ្យា

ទាំងនេះជារឿងរ៉ាវ ​របស់​សេដ្ឋី​បច្ចេកវិទ្យា ៥ រូប កាល​នៅ​វ័យ ២៥ ឆ្នាំ

ជ្រក​ក្រោម​ទ្រនំ​ឧស្សាហកម្ម​បច្ចេកវិទ្យា បុគ្គល​ជា​ច្រើន​រូប​បាន​ខិតខំ​តស៊ូ​រហូត​បង្កើត ​ចេញ​ជា​ស្លាកយីហោ​និង​ក្រុមហ៊ុន​ល្បីល្បាញ មាន​ការ​ទទួល​ស្គាល់​ពី​មនុស្ស​រាប់​រយ​លាន​នាក់​ជុំវិញ​ពិភពលោក។ សង្ខេប​ចេញ​ពី​ដំណើរ​ជីវិត​ នៃ​ស្ថាបនិក ៥ រូប​របស់ Amazon, Apple, Facebook និង Tesla អំឡុង​ពេល​ស្ថិត​ក្នុង​វ័យ ២៥ ឆ្នាំ តើ​បុគ្គល​ជោគជ័យ​ទាំង​នោះ​ជួប​ប្រទះ​រឿង​អ្វី​ខ្លះ?

+ស្ថាបនិក​និង​នាយ​ប្រតិបត្តិ Amazon លោក Jeff Bezos:

នៅ​អាយុ ២៤ ឆ្នាំ Bezos បាន​ធ្វើការ​នៅ​ធនាគារមួយ​ក្នុង​តួនាទីជា​អ្នក​អភិវឌ្ឍ​កម្មវិធី​។ ពីរ​ឆ្នាំ​បន្ទាប់ លោក​បាន​ឡើង​ជា​អនុប្រធាន​ក្រុមហ៊ុន​ ដែល​មាន​វ័យ​ក្មេង​បំផុត។

+ស្ថាបនិក Apple លោក Steve Jobs:

អំឡុង​បើក​ទីផ្សារ​ជួញដូរ​ថ្ងៃ​ទី​មួយ ខែ​ធ្នូ ឆ្នាំ ១៩៨០ ក្រុមហ៊ុន Apple Computer មាន​តម្លៃ​ទីផ្សារ ១,២ ពាន់​លាន​ដុល្លារ ធ្វើ​ឲ្យ​​ស្ថាបនិក​ Steve Jobs ក្លាយ​ជា​សេដ្ឋីក្នុង​វ័យ ២៥ ឆ្នាំ។

លោក​បានលើកឡើង​នៅពេលនោះ​ថា លោក​មិន​ឲ្យ​ទឹកលុយ​មក​គ្រប់គ្រង​ជីវិត​របស់​លោក​នោះទេ។

+ស្ថាបនិក Facebook លោក Mark Zuckerberg:

Mark Zuckerberg ចំណាយពេលហត់នឿយ​ច្រើន​ ពេល​ចាប់ផ្តើម​ដំណើរការ​ក្រុមហ៊ុន Facebook ដំបូង។ ក្នុង​ឆ្នាំ ២០០៩ ពេលលោក​ចូល​វ័យ ២៥ ឆ្នាំ Facebook មាន​​ចំនួន​អ្នក​ប្រើប្រាស់​ឡើង​ដល់ ៣០០ លាន​នាក់​ជា​លើក​ដំបូង។

Zuckerberg បាន​សរសេរ​លើ Facebook ដូច្នោះ​ថា៖ “វា​ទើប​តែ​​ចាប់​ផ្តើម​​ប៉ុណ្ណោះ”។ ១ ឆ្នាំ​ក្រោយ Mark ជាប់​ឈ្មោះ​ជា Person of the Year លើ​ទស្សនាវដ្ដី​ Time។

+ស្ថាបនិក Oracle លោក Larry Ellison:

ក្រោយ​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង Berkely បុរស​វ័យ ២២ ឆ្នាំ ដែលបាន​បោះបង់ការ​សិក្សា​​នៅ​មហាវិទ្យាល័យ បាន​ចាប់​យក​ចំណេះ​​ដឹង​កាល​នៅ​សិក្សា​ មក​បង្រៀន​ខ្លួន​ឯង​​ពី​ការ​បង្កើត​កម្មវិធី​លើ​កុំព្យូទ័រ។ សេដ្ឋីនិង​ស្ថាបនិកក្រុមហ៊ុន Oracle បាន​​ចាប់​ការងារ​បច្ចេកទេស​ជា​ច្រើន​កន្លែង​ដូច​នៅ Fireman’s Fund, Wells Fargo និង AMPEX មុន​បញ្ចប់​នៅ Amdahl Corp., ជា​កន្លែង​ដែល​បុរស​កើត​ក្នុង​ទ្រនំ​ក្រ​ខ្សត់​រូប​នេះ​ អាច​ចេះ​ជំនាញ​ប្រព័ន្ធ​បណ្តាញ​ មុន​ទៅ​បង្កើត​ក្រុមហ៊ុន Oracle។

+ស្ថាបនិក Tesla និង SpaceX លោក Elon Musk:

កៀក​ដល់​វ័យ ២៥ ឆ្នាំ Musk បាន​សម្រេច​បោះបង់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សកលវិទ្យាល័យ Stanford ហើយ​វិល​មក​ចូលរួម​ជាមួយ dot-com ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​អ៊ីនធឺណិត​ដំបូង​បង្អស់​របស់​ខ្លួន​ឲ្យ​ឈ្មោះ Zip2។ ៤ ឆ្នាំ​ក្រោយ Compaq បាន​បោះទុន ៣០៧ លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន​របស់​លោក ហើយ Musk ក៏​ផ្តើម​ប្រើ​លុយ​នោះ​បង្កើត Startup ថ្មី​មួយ​ទៀត​គឺ PayPal។

ប្រភព៖ sabay

Most Popular

To Top