ប្រេស៊ីល៖ ប្រទេសប្រេស៊ីល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Artemis ដែលក្លាយជាប្រទេសអាមេរិកខាងត្បូងដំបូងបង្អស់ដែលជាសញ្ញាថា ខ្លួននឹងប្រកាន់ខ្ជាប់នូវគោលការណ៍នានា ដើម្បីរុករកអវកាសតាមរបៀបសន្តិភាព ពណ៌បៃតង និងចីរភាព នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការចុះហត្ថលេខាដែលបានកើតឡើង ពីកាលពេលថ្មីៗនេះមានន័យថា ប្រទេសសរុបចំនួន ១២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ប្រេស៊ីលចូលរួមជាមួយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា អ៊ីតាលី ជប៉ុន លុចសំបួ សាធារណរដ្ឋកូរ៉េ ណូវែលហ្សេឡង់ អារ៉ាប់រួម និងអ៊ុយក្រែនក្នុងការចុះហត្ថលេខា លើឯកសារនេះ។
អង្គការណាសា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមរយៈការចុះហត្ថលេខាលើឯកសារនេះ ប្រទេសប្រេស៊ីលចូលរួមជាមួយគោលការណ៍ជាក់ស្តែង ដែលបានបង្កើតឡើងដើម្បីដឹកនាំ កិច្ចសហប្រតិបត្តិការរុករកអវកាស ក្នុងចំណោមប្រទេស ដែលចូលរួមនៅក្នុងផែនការរុករក ភពព្រះច័ន្ទ នាសតវត្សរ៍ទី ២១ របស់អង្គការណាសា។

រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តបច្ចេកវិទ្យា និងការច្នៃប្រឌិត លោក Marcos Pontes បានចុះហត្ថលេខាលើឯកសារនៅប្រេស៊ីលីក្នុងព្រឹត្តិការណ៍មួយ ដែលមានលោកប្រធានាធិបតី Jair Bolsonaro និងមន្ត្រីដទៃទៀតចូលរួម។ តាមការលើកឡើងរបស់លោក Bill Nelson រដ្ឋបាលរបស់ទីភ្នាក់ងារណាសា នៅក្នុងសេចក្តីថ្លែងការណ៍ថា អង្គការណាសាបានទន្ទឹងរង់ចាំថ្ងៃនេះ ចាប់តាំងពីខែធ្នូឆ្នាំមុន នៅពេល រដ្ឋមន្រ្តីក្រសួង Pontes និងលោក Jim Bridenstine អតីតរដ្ឋបាលអង្គការណាសាបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍អំពីចេតនា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ សក្តានុពលនៃកម្មវិធី Artemis៕ ដោយ៖លី ភីលីព
