តូក្យូ៖ក្រុមហ៊ុន Yahoo Japan Corp បាននិយាយថា ខ្លួននឹងទទួលបានសិទ្ធិពាណិជ្ជសញ្ញាទាក់ទងនឹងការប្រើប្រាស់យីហោយ៉ាហ៊ូនៅជប៉ុនក្នុងតម្លៃ ១៧៨,៥ ពាន់លានយ៉េន (១,៦ ពាន់លានដុល្លារ) ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Verizon Media សហរដ្ឋអាមេរិកដើម្បីបង្កើនតម្លៃសាជីវកម្មរបស់ខ្លួនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអ៊ីនធើណេត និងអេឡិចត្រូនិកយក្សប្រើយីហោ Yahoo និងបច្ចេកវិទ្យាដែលមានអាជ្ញាប័ណ្ណនៅជប៉ុនដោយមិនបង់ថ្លៃសួយសារអាករ។ ក្រុមហ៊ុន Yahoo Japan និង Z Holdings បាននិយាយថា កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណថ្មីនឹងចូលជាធរមានបន្ទាប់ពីក្រុមហ៊ុនវិនិយោគអាមេរិក Apollo Global Management Inc បានបញ្ចប់ការទិញយកក្រុមហ៊ុន Verizon Media ដែលរំពឹងទុកនៅឆមាសទី ២ ឆ្នាំ ២០២១ ។
ក្រុមហ៊ុន Verizon បានប្រកាសនៅខែឧសភាថា វានឹងត្រូវបានទិញដោយ Apollo។ ក្រុមហ៊ុន Yahoo Japan ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Yahoo Inc និងក្រុមហ៊ុន SoftBank Corp ជាក្រុមហ៊ុន SoftBank Group Corp ក្នុងឆ្នាំ ១៩៩៦ ហើយបានចំណាយផ្នែកខ្លះនៃប្រាក់ចំណូលរបស់ខ្លួនទៅឲ្យក្រុមហ៊ុនអាមេរិក។
ក្រុមហ៊ុន Z Holdings ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SoftBank Group បានរួមបញ្ចូលគ្នានៅក្នុងខែមីនាជាមួយអ្នកផ្តល់កម្មវិធីផ្ញើសារ Line Corp ដើម្បីពង្រីកសេវាកម្មតាមអ៊ីនធើណេតរបស់ពួកគេនៅទូទាំងពិភពលោក ខណៈពួកគេមានគោលបំណងដើម្បីប្រកួតប្រជែងកាន់តែប្រសើរជាមួយសហរដ្ឋអាមេរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន៕ ដោយ៖លី ភីលីព