រថយន្តក្រុងសាធារណៈ អាចដំណើរការលើដងផ្លូវ ដោយបើកស្វ័យប្រវត្តិ ទើបនឹងប្រកាស ដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅចក្រភពអង់គ្លេស។
ឡានក្រុងដែលមានរាងរៅឌីហ្សាញ មកដូចមនុស្សយន្តនេះ អាចដឹកមនុស្សបាន ១០ នាក់។ វាដំណើរការដោយ ថាមពលអគ្គិសនីសុទ្ធសាធ កម្លាំងរត់បានល្បឿនលឿនបំផុត ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង ពេលសាកពេញ រត់បានឆ្ងាយបំផុត ១៦០ គីឡូម៉ែត្រ។
គម្រោងសាកល្បង យានយន្តបើកស្វ័យប្រវត្តិ បានធ្វើតេស្តច្រើនជាង ៥ ឆ្នាំមកហើយទើបនឹង លេចចេញជារូបរាងផ្លូវការ។ យ៉ាងណាក្តី វាមិនទាន់ពេញលេញ១០០% នៅត្រូវការតេស្តបន្ថែមទៀត ។
ទម្រាំតែអាចសម្រេច បានស្នាដៃដ៏ថ្មីសន្លាងបែបនេះ គេបានប្រើប្រាស់បច្ចេកវិទ្យាចំនួនបីសហការរួមគ្នាដូចជា៖ AWS Wavelength របស់ក្រុមហ៊ុន Amazon ,បច្ចេកវិទ្យា 5G Vodafone របស់ក្រុមហ៊ុន ទូរទគមនាគមន៍ចល័ត និង MEC technologies ជាបច្ចេកវិទ្យា បង្កើតដោយអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Cambridge ដើម្បីធ្វើយ៉ាងណាឲ្យរថយន្តនេះអាចដំណើរការបាន ដោយរលូនក្រោមពាក្យ ស្លោកបីម៉ាត់គឺ «real time, safe និង secure»។
បច្ចុប្បន្ន Aurrigo ដែលជាក្រុមហ៊ុនឯកទេសផ្នែក ផលិតបច្ចេកវិទ្យា យានយន្តស្វ័យប្រវត្តិ បានដាក់ឲ្យវារត់ នៅផ្លូវបីខ្សែ និងនៅជុំវិញបរិវេណសាកល វិទ្យាល័យលំដាប់ពិភពលោកដ៏ ល្បីល្បាញគឺ Cambridge សម្រាប់បម្រើការជូនសាធារណជន និងនិស្សិត ២៤ ម៉ោងក្នុងមួយសប្ដាហ៍ ហើយក៏ដឹកបាន មនុស្សច្រើនជាង ១០០ នាក់រួចមកហើយប្រកប ដោយសុវត្ថិភាព ចាប់តាំងពីដើមខែមិថុនាឆ្នាំ ២០២១ មកម្ល៉េះ៕