បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនអ្នកផលិតយន្តហោះចម្បាំង របស់រុស្ស៊ី បានបញ្ជាក់ថា នឹងធ្វើការដាក់បង្ហាញជាផ្លូវការ នូវម៉ូដេលយន្តហោះចម្បាំងថ្មីមួយ នៅក្នុងពិធីតាំងពិពណ៍មួយ ដែលគ្រោងធ្វើនៅទីក្រុងមូស្គូ សប្តាហ៍ក្រោយ។

យន្តហោះចម្បាំងថ្មី ត្រូវបានគេលួចថតរូប បានចេញពីអាកាសយានដ្ឋាន នៅក្នុងទីក្រុង Zhukovsky និងរងចាំការបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធីដែលត្រូវបាន គេអះអាងថាក៏នឹងមានវត្តមាន ចូលរួមពីសំណាក់ លោកប្រធានាធិបតីរុស្ស៊ី Vlaidmir Putin ផងដែរ។
សារព័ត៌មានក្នុងស្រុក របស់រុស្ស៊ី បាននាំគ្នាចុះផ្សាយព្រោងព្រាតថា យន្តហោះចម្បាំងថ្មីនេះ គឺជាផលិតផលដែលត្រូវបានរចនា និងផលិតឡើង ដោយក្រុមហ៊ុន Sukhoi ដែលស្ថិតនៅក្រោម កម្មវិធីអភិវឌ្ឍយន្តហោះចម្បាំង ធន់ស្រាលជាអាវុធសម្រាប់ វាយប្រហារបែបតាក់តិក។
អ្វីដែលគេអាចដឹងក្រៅពីនេះ គឺថាយន្តហោះចម្បាំងថ្មីនេះ មានភាពខុសគ្នាពីម៉ូដេល យន្តហោះចម្បាំងចុងក្រោយ របស់រុស្ស៊ី Su-57 ដែលមានម៉ាស៊ីនលឿនជាងសម្លេង ដល់ទៅ២ គឺវាមានរូបរាងតូចជាង ហើយប្រើប្រាស់ម៉ាស៊ីន តែ១ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
