ដើម្បីឱ្យអ្នកប្រើប្រាស់យល់ដឹង កាន់តែច្រើនទាក់ទងទៅនឹង ការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាដើម្បីចៀសវាង ពីការលួចចូលគណនីអនឡាញនោះ ក្រុមជំនាញនៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំលោកអ្នកទាក់ទង ទៅនឹងការប្រើប្រាស់ លេខសម្ងាត់ OTP (One Time Pin)។
លេខសម្ងាត់ OTP ឬ One Time Pin គឺជាលេខសម្ងាត់ ដែលក្រុមហ៊ុនបានផ្ញើឱ្យ តាមរយៈសារ នៅពេលដែលមានការស្នើសុំ ពីអ្នកប្រើប្រាស់ ដើម្បីបង្កើតគណនីថ្មី ឬដើម្បីចូលប្រើប្រាស់ (Login) គណនីជាមួយនឹងឧបករណ៍ថ្មី។ ដូច្នេះដើម្បីអាចចូលទៅក្នុង គណនីរបស់លោកអ្នកបាននោះ ជនអនាមិកគ្រាន់តែដឹង នូវលេខទូរសព្ទរបស់លោកអ្នក ហើយពួកគេ ក៏ធ្វើការស្នើសុំលេខសម្ងាត់ OTP ថ្មី។
បន្ទាប់មក ពួកគេក៏ផ្ញើសារ ឬទូរសព្ទទៅលោកអ្នក ដើម្បីធ្វើការលួងលោមឱ្យផ្ដល់ នូវលេខសម្ងាត់នោះ ដោយប្រើប្រាស់រូបភាពផ្សេងៗដូចជា ពួកគេបន្លំធ្វើជាបុគ្គលិក របស់ក្រុមហ៊ុន មិត្តភ័ក្តិ ឬលោកអ្នកបានឈ្នះរង្វាន់ ហើយពួកគេត្រូវការលេខសម្ងាត់នោះ ដើម្បីបញ្ជាក់អត្តសញ្ញាណជាដើម។ វិធីសាស្រ្ត ក្នុងការបោកបញ្ឆោតនេះ ត្រូវបាននាយកដ្ឋាន រកឃើញជាច្រើនលើក ច្រើនសារមកហើយ។ ជាឧទាហរណ៍ ជនខិលខូចបានប្រើល្បិច ស្រដៀងគ្នានេះ ដោយពួកគេបានទូរសព្ទ ទៅអ្នកប្រើប្រាស់ ហើយបន្លំធ្វើជាបុគ្គលិក របស់ធនាគារ ដើម្បីទាមទារឱ្យផ្ដល់ លេខសម្ងាត់ OTP ដែលអាចឱ្យពួកគេ ចូលទៅក្នុងគណនីធនាគារ និងផ្ទេរប្រាក់ចេញ។
ដើម្បីការពារកុំឱ្យមាន ការលួចចូលប្រើប្រាស់ គណនីទំនាក់ទំនងបណ្ដាញសង្គម របស់លោកអ្នក ជាពិសេសគណនីធនាគារនោះ សូមលោកអ្នកកុំផ្ដល់លេខសម្ងាត់នេះ ទៅឱ្យជនទីបីនៅពេលដែលមាន ការស្នើសុំណាមួយ។ ក្នុងករណីដែលមានការសង្ស័យ លោកអ្នកគួរតែទំនាក់ទំនង ទៅក្រុមហ៊ុនដោយផ្ទាល់ តាមរយៈទូរសព្ទ៕ ប្រភព៖សប្បាយ