បរទេស៖ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនទើបបានបាញ់តេស្តសាកល្បងបានយ៉ាងជោគជ័យ នូវមីស៊ីលវាយប្រហារលឿនជាងសម្លេង Tsirkon (Zircon) ជាអាវុធមួយដែលលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានកោតសរសើរថា ជាផ្នែកនៃប្រព័ន្ធមីស៊ីលជំនាន់ថ្មីគ្មានគូប្រៀបក្នុងពិភពលោក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មីស៊ីលនោះត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov ស្ថិតនៅសមុទ្រស ហើយបានហោះក្នុងល្បឿនប្រមាណ៧ដងនៃល្បឿងសម្លេង នៅមុនពេលវាយប្រហារគោលដៅលើគោក នៅតំបន់ឆ្នេរនៃសមុទ្រ Barents Sea ចម្ងាយជាង៣៥០គីឡូម៉ែត្រ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្សីបាននិយាយយ៉ាងដូច្នេះថា “លក្ខណៈពិសេសបែបយុទ្ធសាស្ត្រនិងបច្ចេកទេសនៃមីស៊ីល Tsirkon នេះ គឺត្រូវបានបញ្ជាក់នៅក្នុងអំឡុងពេលធ្វើតេស្ត”។
បណ្ដាអ្នកជំនាញលោកខាងលិចមួយចំនួន បានចោទជាសំនួរថា តើអាវុធជំនាន់ថ្មីរបស់រុស្ស៊ីនេះមានភាពទំនើបប៉ុណ្ណា ទន្ទឹងនឹងការទទួលស្គាល់ថា ការរួមបញ្ចូលគ្នានៃល្បឿន ភាពបត់បែន និងរយៈកម្ពស់ហោះហើរនៃមីស៊ីលហោះលឿនជាងសម្លេងនេះ ធ្វើឲ្យពិបាកក្នុងការតាមដាន់និងរារាំង៕ ប្រែសម្រួល៖ប៉ាង កុង
