អាកាសយានដ្ឋានអន្តរជាតិ Changi គឺជាអាកាសយានដ្ឋានដ៏សំខាន់នៅក្នុងប្រទេសសិង្ហបុរី។ អាកាសយានដ្ឋាន Changi មានទីតាំងស្ថិតនៅតំបន់ខាងកើត ប្រទេសសិង្ហបុរី។ អាកាសយានដ្ឋានដ៏ធំមួយនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលសិង្ហបុរីនិងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសយានដ្ឋាន Changi Airport Group។ ចំពោះសេវាកម្មវិញ បម្រើឱ្យទាំងព្រលានយន្តហោះសាធារណៈនិងវិស័យយោធា។

នៅខាងក្នុងអាកាសយានដ្ឋានដ៏មមាញឹកមួយនេះ មានហាងលក់ទំនិញប្រហែល ៣៥០ កន្លែង និងមហាងលក់អាហារនិងភេសជ្ជៈប្រហែល ១២០កន្លែង។អាកាសយានដ្ឋាន Changi គឺជាមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់មួយនៅអាស៊ីអាគ្នេយ៍។ សាងសង់លើផ្ទៃដី ១៣ គីឡូម៉ែត្រក្រឡា ឬស្មើនឹង ៣២០០ ហិចតា អាកាសយានដ្ឋាន Changi បម្រើឱ្យក្រុមហ៊ុនអាកាសចរណ៍ជាង ១០០ ដែលប្រតិបត្តិការ ៦៤០០ ជើងហោះហើរក្នុងមួយសប្តាហ៍ តភ្ជាប់ប្រទេសសិង្ហបុរីទៅកាន់ទីក្រុងចំនួន ២៥០ នៅក្នុងប្រទេសនិងតំបន់ចំនួន ៦០ ទូទាំងពិភពលោក។

អាកាសយានដ្ឋានមួយនេះ មានបុគ្គលិកបម្រើការងារជាង ២៨០០០នាក់ ដែលទឹកប្រាក់ត្រូវចំណាយដល់បុគ្គលិកមានចំនួនរាប់ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ គួររំលឹកថា អ្នកទោសសង្គ្រាមលោកលើកទី២ ចាប់ពីឆ្នាំ ១៩៤៣ ដល់ឆ្នាំ ១៩៤៤ ត្រូវបានគេប្រើឱ្យធ្វើជាកម្មករសាងសង់អាកាសយានដ្ឋាន Changi។ នៅមុនដើមឆ្នាំ ១៩៧០ អាកាសយានដ្ឋាន Changi ត្រូវបានប្រើសម្រាប់បម្រើឱ្យតែមូលដ្ឋានទ័ពអាកាសប៉ុណ្ណោះ៕



