រាល់ព្រឹកភ្ញាក់ពីដំណេក ឬកណ្ដាលយប់ ប្រហែលធ្លាប់តែង នឹកគិតក្រែងខកខានសារ ឬអ៊ីមែល ដល់ពេលទាញ យកមើលច្រើនតែឃើញ Notification របស់បណ្ដាញសង្គម ចំណាយពេលថែមមួយតង់ទៀត ។ ឆ្ងល់ទេ មើលស្មាតហ្វូន ពេលភ្ញាក់ពីដំណេកផ្ដល់ផល អាក្រក់ដល់អ្នកដែរឬទេ?
លោកវេជ្ជបណ្ឌិត Nikole Benders-Hadi ជាអ្នកចិត្តសាស្ត្រមួយរូបលើកឡើងថា ភ្ញាក់ភ្លាមទាញស្មាតហ្វូនមើលភ្លាម ធ្វើឲ្យការចាប់ផ្ដើមថ្ងៃថ្មី បង្កើនការស្មុគស្មាញ និងអារម្មណ៍មិនជ្រះថ្លាល្អ។
ការមើលទូរសព្ទព្រឹកព្រលឹម អាចបណ្ដាលឲ្យការបំពេញ ការងារមិនបានពេញលេញ ពេញមួយថ្ងៃ ។ ស្មាតហ្វូនបង្កើតឡើង ធ្វើឲ្យអ្នកមានអារម្មណ៍ត្រូវការដំណឹងថ្មីៗ មិនចង់ខកខានរឿងសំខាន់ ដែលតាមពិតមិន ជាសំខាន់ ឬចាំបាច់ សម្រាប់ការរស់ នៅប្រចាំថ្ងៃឡើយ។
របាយការណ៍ពី Adweek ក្នុងឆ្នាំ ២០១៣ បង្ហាញថា ៨០% អ្នកប្រើស្មាតហ្វូនមានអាយុចន្លោះពី ១៨ ទៅ ៤៤ ឆ្នាំ មើលស្មាតហ្វូនពេលភ្ញាក់ពីដំណេក។ លើសពីនេះ ការស្ទង់មតិពីមនុស្សជាច្រើន បង្ហាញថាពួកគាត់មានអារម្មណ៍ មិននៅនឹងខ្លួន ពេលប្រើទូរសព្ទច្រើនជ្រុល បាត់បង់ការផ្ដោតអារម្មណ៍ ពេលចាប់ផ្ដើមថ្ងៃថ្មី ដោយភ្នែកដក់ជាប់ជាមួយទូរសព្ទ ដែលជាការងារដំបូងអ្នកបានធ្វើ ។
ជាការណែនាំ គួរទុកអ៊ីមែល ឬសារនានា មួយឡែកសិន ពេលចាប់ផ្ដើមថ្ងៃថ្មី។ មានការងារអាចបំពេញជាច្រើនពេលព្រឹកព្រលឹម ផ្ដល់អារម្មណ៍ល្អប្រសើរជាងស្មាតហ្វូន ដូចជាការ ធ្វើសមាធិសម្អាតផ្លូវចិត្ត, ធ្វើលំហាត់ប្រាណ, ទទួលទានកាហ្វេ ឬចាប់អនុវត្តការងារ ជាគម្រោងផ្ទាល់ខ្លួន ដែលធម្មតាមិនមានពេលបំពេញ ។ ម្យ៉ាងវិញទៀត អាចទុកទូរសព្ទ ឆ្ងាយពីខ្លួន ឬបន្ទប់ផ្សេង ដើម្បីកុំឲ្យវាជារបស់ទីមួយ អ្នកនឹកឃើញ ពេលភ្ញាក់ឡើង៕ sabay