នាពេលថ្មីៗនេះ មានការប្រើល្បិច លួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារ តាមរយៈ ការបោកបញ្ឆោត ដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់ បានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយ ដោយមាន ដាក់រូបភាព និងឈ្មោះ មើលទៅហាក់ដូចជា សាររបស់ក្រុមហ៊ុនហ្វេសប៊ុក ក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ ជាពិសេសទៅលើអ្នកប្រកបអាជីវកម្មអនឡាញ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជន អំពីឧបាយកលបោកបញ្ជោត និងវិធានការបង្ការដូចខាងក្រោម៖
ឧបាយកលបោកបញ្ឆោត
ការបោកបញ្ឆោតនេះធ្វើឡើង តាមរយៈការជូនដំណឹង ទៅម្ចាស់ទំព័រហ្វេសប៊ុកថា “ទំព័រហ្វេសប៊ុកនោះបាន ប្រព្រឹត្តខុសទៅនឹងគោលការណ៍ របស់ក្រុមហ៊ុនហ្វេសប៊ុក ពាក់ព័ន្ធនឹងការរំលោភបំពានផ្សេងៗ។ ដើម្បីពិនិត្យបញ្ហាសុវត្ថិភាព និងបញ្ជាក់អត្តសញ្ញាណ ម្ចាស់ទំព័រត្រូវចុចតំណភ្ជាប់ និងធ្វើតាមការណែនាំ បើមិនដូច្នេះទេក្រុមហ៊ុនហ្វេសប៊ុក នឹងបិទទំព័រហ្វេសប៊ុកនោះ ចោលតែម្តង”។
នៅពេលម្ចាស់ទំព័រហ្វេសប៊ុក ចុចលើតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូល ព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនីហ្វេសប៊ុក ឬ/ និងព័ត៌មានគណនីធនាគារ ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា ធ្វើការលួចយកគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក ព្រមទាំងអាចប្រើប្រាស់ ព័ត៌មានគណនីធនាគារ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនានា នៅលើហ្វេសប៊ុក ឬក៏អាចឈានទៅចំណាយ ទិញទំនិញផ្សេងៗទៀត។
វិធានការបង្ការ
- សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបន្លំដោយប្រាប់ថា “ទំព័រហ្វេសប៊ុករបស់អ្នកខុស ទៅនឹងគោលការណ៍ នានារបស់ក្រុមហ៊ុនហ្វេសប៊ុក” ដែលតម្រូវឱ្យមានការចុច ទៅលើតំណភ្ជាប់ (Link) ដើម្បីបំពេញព័ត៌មាន ព្រោះក្រុមហ៊ុនហ្វេសប៊ុក មិនទាមទារការបញ្ជាក់ ដោយបំពេញព័ត៌មាន ដូចរៀបរាប់ខាងលើទេ
- ធ្វើការត្រួតពិនិត្យវេបសាយ ទំព័រហ្វេសប៊ុក ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់ មុននឹងចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗ តាមការទាមទារ
- គួរប្រើប្រាស់មុខងារកាតសិប្បនិម្មិត (Virtual Credit/Debit Card) និងកំណត់ទំហំសាច់ប្រាក់សម្រាប់ ការចាយវាយមិនលើសបរិមាណ សមស្របមួយ
- ពិនិត្យមើលការជូនដំណឹង អំពីការធ្វើប្រតិបត្តិការចំណាយអនឡាញ ឱ្យបានទៀងទាត់ ប្រសិនបើមាន ការចំណាយខុសប្រក្រតីណាមួយ អ្នកត្រូវទាក់ទងទៅធនាគារជាបន្ទាន់ ដើម្បីស្វែងរកជំនួយ និងដំណោះស្រាយ។

សម្រាប់ព័ត៌មានបច្ចេកទេស ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែម ក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតប បញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេសបន្ថែម លើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨។ ប្រភព៖ សប្បាយ
