បច្ចេកវិទ្យា

គួរ​ឲ្យ​សរសើរ! សិង្ហ​បុរី ប្រើប្រាស់​បច្ចេក​វិទ្យា ​ទំនើប​ៗ​ដើម្បី ​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ ១៩ យ៉ាង​មានប្រសិទ្ធិភាព

ចាប់ពី​នីតិវិធី​បង្ការ រហូតដល់​ការ​ព្យាបាល សិង្ហបុរី កសាង​មូលដ្ឋាន​គ្រឹះ​ជីវ​សាស្ត្រ​ និង​ ការ​បង្កើត​ប្រព័ន្ធ​អេ​កូឡូ​ស៊ីចម្រុះ​ដ៏​រឹង​មាំ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​វីរុសកូវីដ ១៩​។ វិស័យ​សា​ធារណៈ និង​ឯក​ជន បាន​​ និង​កំពុង​តែ​បង្កើត​ដំណោះស្រាយ​​ និង​ការ​ច្នៃ​ប្រឌិតក្នុង​បច្ចេក​វិទ្យា ចាប់​តាំងពីការផ្ទុះ​ការ​ឆ្លង​ក្នុ​ងប្រទេស​សិង្ហ​បុរី មកម្ល៉េះ​។
ក្រុម​ជំនាញ​ផ្នែក​គំនិត​ច្នៃ​ប្រឌិត​របស់​សិង្ហបុរី បាន​ធ្វើ​ការ​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ក្នុង​ពេល​ប្រឈមមុខនឹង​កូវីដ ១៩ ពោល​គឺ​ចាប់ពីការ​ផ្តល់បច្ចេក​វិទ្យា​ចាប់​រក​វីរុស ដូច​ជា បច្ចេក​វិទ្យាឆ្លាត​វៃ ជា​ដើម ត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍ រហូត​ដល់​​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​សាកល្បង ក្នុង​រយៈពេល​ប៉ុន្មាន​ខែក្រោយមក​។

ការ​ចាត់​វិធាន​ការ​យ៉ាង​ឆាប់​រហ័ស​នេះ អាច​ធ្វើ​ទៅបាន ដោយ​សារ​តែមូលដ្ឋាន​គ្រឹះ​​ដ៏រឹង​មាំ​របស់សិង្ហបុរី ​លើ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ជីវសាស្ត្រ ក៏ដូច​ជា​ការផ្តោត​ឥតឈប់​ឈរលើ​ការ​ច្នៃ​ប្រឌិត​បច្ចេក​វិទ្យា​ថ្មី​ៗ​។

ចាប់​ពីការ​បង្ការការ​ឆ្លង​វីរុស រហូត​ដល់​ការ​ធ្វើតេស្ត និង​ការព្យា​បាល​ដើម្បី​សង្គ្រោះ​ជីវិត ក្រុមហ៊ុន​តូច​-ធំ កំពុង​តែ​ចាប់ដៃគូសហ​ការ​គ្នា​ជាមួយនឹង​ស្ថា​ប័នសាធារណៈ និង​អ្នក​ជំនាញ​ក្នុង​ស្រុក ដើម្បី​ធានា​ថា នឹង​មាន​បច្ចេក​វិទ្យា និង​ការ​ច្នៃ​ប្រឌិត​ថ្មី​ៗ ដើម្បី​ប្រយុទ្ធ​ប្រឆាំងជាមួយនឹង​វីរុស គ្រប់ដំណាក់កាល​ទាំង​អស់​។

ខាង​ក្រោម​នេះ គឺ​ជា​បច្ចេក​វិទ្យា​ថ្មី​ៗនានា​ដែល​សិង្ហ​បុរី ប្រើប្រាស់​ដើម្បី​ទប់ស្កាត់ការ​ឆ្លង​វីរុសកូវីដ ១៩៖

១. បច្ចេកវិទ្យា​តាម​ដាន និង​រក​ប្រភព​ចម្លង

ក្រៅពីការ​ណែនាំ​ឲ្យ​ប្រជារបស់​ខ្លួន​ពាក់​ម៉ាស​ជានិច្ច​នៅ​ទីធារណៈ ឧបករណ៍បច្ចេកវិទ្យា iThermo ត្រូវ​បាន​បង្កើត​ឡើង និង​ប្រើប្រាស់​ដើម្បី​វាស់​កម្តៅ​​អ្នក​ដំណើរនៅ​តាម​វិទ្យាស្ថាន​សុខភាព តាម​ការិយាល័យ និងផ្សារ​ទំនើប​ទូ​ទាំង​សិង្ហបុរី ខណៈ​ដែល​ឧបករណ៍​នេះ អាច​វាស់​កម្តៅ​បាន​យ៉ាង​ឆាប់​រហ័ស ពោលគឺ​លឿន​ជាង​ឧបករណ៍​វាស់​កម្តៅ​ធម្ម​តា​ដល់​ទៅ​៥ដង។

ក្រោយមក ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយនឹង​ក្រសួង​សុខា​ភិបាល ភ្នាក់​ងារ​បច្ចេក​វិទ្យា GovTech បាន​ដាក់​ឲ្យដំណើរ​ការ​កម្មវិធី TraceTogether ដើម្បី​តាម​រក​ប្រភព​ចម្លង ខណៈ​ដែល​កម្មវិធីនេះ ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ប្រាក់​ទូ​ទាំងពិភព​លោក​។

២. ការ​ផលិត​ឧបករណ៍ ​ធ្វើ​តេស្ត​យ៉ាង​មានប្រសិទ្ធិភាព

ដំណោះស្រាយ​លើ​ ឧបករណ៍​ធ្វើ​តេស្តរបស់​សិង្ហ​បុរី កំពុង​តែ​ឈានមុខ​គេ​​ ទូ​ទាំង​ពិភពលោក​។ cPass គឺ​ជា​ឧបករណ៍ធ្វើ​តេស្ត​ ដែលអាច​វិភាគ​មេរោគបាន​ដំបូង ​គេ​ក្នុងពិភពលោក ដែលត្រូវបាន​ប្រើប្រាស់​ដើម្បី​តេស្តរក​វីរុស និង​រោគ​សញ្ញានានា សូម្បី​តែ​ជាអ្នក​ជំ​ងឺ​ជាសះស្បើយ​ហើយ​ក៏ដោយ ហើយ​​គេ​​អាច​ដឹង​លទ្ធផល​ជាមួយនឹង​ឧបករណ៍​នេះ ក្នុង​រយៈពេល​១​ម៉ោង​ប៉ុណ្ណោះ​ ។

ក្រោយមកទៀត cPass ត្រូវ​បាន​ដាក់​លក់​ឲ្យ​ប្រើប្រាស់​ ទូ​ទាំង​ពិភព​លោក​ ក្រោយពី​ទទួល​បាន​អាជ្ញា​ប័ណ្ណពី​រដ្ឋា​ភិបាល​ផ្នែក​ចំណីអាហារ និង​ឱសថ​សហ​រដ្ឋ​​អាមេរិក ។

៣. ការ​បង្កើត​ថ្នាំ ​ដើម្បី​ពង្រឹង​ភាព​ស៊ាំ និងព្យាបាល

ស្រប​ពេល​ដែល​ពិភព​លោក កំពុង​រង់​ចាំ​ដំណោះស្រាយ​​លើ​វ៉ាក់​សាំង ការ​ព្យា​បាល ​នៅ​សិង្ហបុរី លើ​អ្នក​ឆ្លង​វីរុសកូវីដ ១៩ មិនមែន​ជា​សុបិន​ ដែលនៅ​ឆ្ងាយ​ឡើយ​។ TY027 គឺ​ជា​ថ្នាំ​ព្យបាល ដ៏​មាន​ប្រសិទ្ធិ​ភាពមួយ​ ដែលកំពុង​តែ​​ប្រើប្រាស់​លើ​ខ្លួនមនុស្ស​ ។ ថ្នាំ TY027 ត្រូវ​បាន​អភិវឌ្ឍ​ដោយក្រុមហ៊ុន Tychan ក្រោមកិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ នឹង​ក្រសួង​ការ​ពារជាតិ ក្រសួង​សុខាភិបាល និងក្រុម​ប្រឹក្សាអភិវឌ្ឍសេដ្ឋ​កិច្ច​​។

បើ​ទោះ​បី​គេ​បាន​រក​ឃើញ ​វ៉ាក់​សាំង​ក៏ដោយ ប៉ុន្តែ វ៉ាក់សាំង ប្រហែល​ជាមិនអាច​ជួយ​ដល់អ្នក​ដែល​មានប្រព័ន្ធ​ភាព​ស៊ាំ​ទន់​ខ្សោយឡើយ​ ។ ប៉ុន្តែ ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយនឹង​ក្រុមហ៊ុន​អូស្ត្រាលី Vaxine និង​មជ្ឈមណ្ឌលសុខាភិបាល Flinders ក្រុមហ៊ុន Proteona កំពុង​​ផលិត​ថ្នាំ​ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំបាន ហើយ​បើ​ជោគ​ជ័យ វា​នឹង​ជួយ​ដល់អ្នក​ជំ​ងឺ​ដែល​ខ្សោយប្រព័ន្ធ​ភាព​ស៊ាំ ដើម្បី​ប្រឆាំ​នឹង​វីរុសកូវីដ ១៩​​​។

៤. បច្ចេក​វិទ្យា​កំណត់ ​រោគ​សញ្ញា​ពីចម្ងាយបាន

ក្រៅពី​មាន​ប្រសិទ្ធិភាព​​​លើ​ការ​ព្យា​បាល ដំណោះស្រាយ​បច្ចេកវិទ្យា​ឆ្លាត​វៃលើ​សុខភាព កំពុង​តែ​ជួយ​ឲ្យ​សិង្ហបុរី ​អាច​រក​ឃើញ​ពីរោគ​សញ្ញា និង​វីរុស​ពីចម្ងាយ​បាន​។ សិង្ហ​បុរី បាន​ប្រើ​ប្រាស់កម្មវិធី Take Doctor Anywhere ដើម្បី​ពិភាក្សាពី​​បញ្ហា​សុខភាព​ តាម​អន​ឡាញ ហើយ​ក្នុង​រយៈពេល​តែ​៥នាទី អ្នក​​ប្រើប្រាស់​អាច​ពិភាក្សា​ជាមួយនឹងគ្រូពេទ្យ និង​ទទួល​បាន​កា​រពិនិត្យភ្លាម​ៗ​។

ក្នុងករណី​មានការ​សង្ស័យ​ឆ្លង​កូវីដ ១៩ ក្រុមគ្រូពេទ្យ Doctor Anywhere Care Team នឹងផ្តល់​ជំនួយតាម​អនឡាញ និង​ដោយផ្ទាល់ភ្លាម​ៗ​​។ ជាមួ​យ​គ្នានេះ សិង្ហ​បុរី ក៏​ប្រើប្រាស់ឧបករណ៍ Biovitals Sentinel ដើម្បី​តាម​ដាន​ប្រភពចម្លង​វីរុសកូវីដ ១៩​ ផ​ង​ដែរ ខណៈ​ដែល​ឧបករណ៍នេះ​គេ​ប្រើ​ដើម្បី​រក​រោគ​សញ្ញា​នៅក្នុង​ខ្លួន​អ្នក​ជំងឺ តាមរយៈ​ការ​ប្រើ​​ការវិភាគ​ទិន្នន័យ​ជាក់ស្តែងពីចម្ងាយ​។

៥. ប្រើមនុស្ស​យន្ត​បាញ់ថ្នាំ​សម្លាប់​មេរោគ​ដោយ​ស្វ័យ​ប្រវត្តិ

ក្រៅពីការប្រើ​ប្រាស់​ប្រព័ន្ធ​ ឌីជីដល​ជាច្រើនដូច​ជា QR Code, URL ឬ​កម្មវិធី​ចល័ត​ជាច្រើន​ទៀត ក្នុងសម័យ​កូវីដ ១៩ សិង្ហបុរី បាន​ប្រើ​បច្ចេកវិទ្យា​ដែលមិន​ចាំ​បាច់​ប៉ះ​ពាល់​ជាមួយមនុស្ស ខណៈ​ដែល​ពួក​គេ​បាន​​ប្រើប្រាស់​មនុស្ស​យន្ត​ដែល​ដំណើរ​ការ ​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​លើ​ផ្ទៃ​នានា តាម​​ទីសាធារណៈ និងអគារ​នានា​។ របក​គំហើញ​នេះ ជួយ​​កាត់បន្ថយ​ហានិភ័យនៃ​ការ​ប៉ះ​ពាល់របស់​អ្នក​ប្រើប្រាស់​លើផ្ទៃ​ដែលមាន​មេរោគ ។

៦. សិង្ហបុរី បង្កើត​គំនិត​ដ៏សម្បូរ​បែប ដើម្បី​ជីវិតកាន់​តែល្អប្រសើរ

ការ​ច្នៃ​ប្រឌិត និង​បច្ចេក​វិទ្យា​របស់​សិង្ហបុរី មិនមានសម្រាប់ ​តែ​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​កូវីដ ១៩ ឡើយ ខណៈ​ដែល​ពួកគេ​ក៏​បាន​ អភិវឌ្ឍ​ទៅលើ​ដំណាំកសិកម្មក្នុងទីក្រុង ផ្សារ​ទំនើប​ដែល​ប្រើប្រាស់​តែ​ការ​ស្កែន​តាម​រយៈ​ទូរស័ព្ទដើម្បី​ទូទាត់ រថយន្ត​ក្រុ​ង​ និង​តាក់ស៊ីគ្មាន មនុស្ស​បើក នំឌីមសាំ​ផ្សំពី​បង្គារ​ដែល​ចិញ្ចឹមក្នុង​មន្ទីរពិសោធ និង​បង្គោល​ភ្លើង​ឆ្លាត​វៃជា​ដើម​ ៕

Most Popular

To Top