បច្ចេកវិទ្យា

ផ្កាយរណប Gaofen 5-02 ត្រូវបានបាញ់បង្ហោះ ចេញពីទីក្រុង Taiyuan

ចិន៖ យោងតាមរដ្ឋបាលអវកាសជាតិចិន បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានបាញ់បង្ហោះ ផ្កាយរណបអង្កេតផែនដី Gaofen 5-02 នៅព្រឹកថ្ងៃអង្គារនេះ នៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

រដ្ឋបាលបានបន្តថា ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះ ដោយរ៉ុក្កែតរបស់ Long March 4C ដែលបានបាញ់បង្ហោះ នៅវេលាម៉ោង ១១ និង ០១ នាទីព្រឹក ហើយបន្ទាប់មកបានទៅដល់ គន្លងតារាវិថីដោយជោគជ័យ ដែលជាការដាក់ពង្រាយយានអវកាស ស៊េរី Gaofen ស៊េរីទី ២៤ និងការហោះហើរ លើកទី ៣៨៧ របស់កងនាវាចម្បាំង Long March ។

នេះបើយោងតាមក្រុមហ៊ុន China Aerospace Science and Technology Corp ដែលជាក្រុមហ៊ុនម៉ៅការអវកាស និងជាក្រុមហ៊ុនមេ របស់បណ្ឌិត្យសភាថា ផ្កាយរណប Gaofen 5-02 នេះបង្កើតឡើង ដោយវិទ្យាស្ថានបច្ចេកវិទ្យាអវកាសសៀងហៃ ដោយផ្អែកលើវេទិកាផ្កាយរណប SAST3000 របស់ខ្លួន Gaofen 5-02 ត្រូវបានបំពាក់ដោយឧបករណ៍អង្កេត មានភារកិច្ចត្រួតពិនិត្យ ខ្យល់ ទឹក និងបរិស្ថាន។

អ្នករចនានៅសាលាបានបំពាក់ឧបករណ៍ ចាប់សញ្ញាចំនួន ៧ នៅលើយានអវកាសនោះ ដែលអាចទទួលបានទិន្នន័យ លំហអាកាសវិសាលគម និងវិទ្យុសកម្ម។
សេវាកម្មរបស់ផ្កាយរណបនេះ នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែង ការពារបរិស្ថានរបស់ប្រទេស ធ្វើឲ្យប្រសើរឡើងនូវការឃ្លាំមើល ធនធានធម្មជាតិ ធ្វើការងារបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងជំរុញការស្រាវជ្រាវ អំពីការប្រែប្រួលអាកាសធាតុ។

ប្រទេសចិន បានបើកដំណើរការកម្មវិធី Gaofen នៅខែឧសភាឆ្នាំ ២០១០ ហើយបានចុះបញ្ជីវាថា ជាគម្រោងមួយក្នុងចំណោម គម្រោងសំខាន់បំផុតទាំង ១៦ នៅក្នុងឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេស។ កម្មវិធីនេះមានគោលបំណង បង្កើតបណ្តាញអង្កេតផែនដី ដែលមានគុណភាពបង្ហាញខ្ពស់។ មកដល់ពេលនេះផ្កាយរណប Gaofen ចំនួន ២៤ ត្រូវបានបាញ់បង្ហោះ ហើយពួកគេទាំងអស់ ត្រូវបានគេជឿថា កំពុងបម្រើសេវាកម្មយ៉ាងសកម្ម៕ ដោយ៖លី ភីលីព

Most Popular

To Top