ក្រុមហ៊ុនផលិតរថយន្តប្រណីត អាល្លឺម៉ង់ Mercedes-Benz បានព្រមានថា ខ្លួននឹងពន្យារពេលលក់រថយន្តថ្មីៗ ដែលអាចអូសបន្លាយដល់ជាង ១ឆ្នាំ ដោយសារតែបញ្ហា កង្វះខាតឈីប ប៉ះពាល់ដល់ផលិតកម្មរថយន្ត។
លោក Ola Kallenius នាយកប្រតិបត្តិ Mercedes-Benz បញ្ជាក់ថា តម្រូវការរថយន្តក្រុមហ៊ុនលោក គឺធំសម្បើមណាស់ ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារចំនួនផលិតមានកំណត់។ «រថយន្តម៉ូឌែលខ្លះ តម្រូវឱ្យយើងត្រូវរង់ចាំយូរជាងការរំពឹងទុក ហើយក្នុងករណីខ្លះ ត្រូវពន្យារពេលដល់ជាង ១ឆ្នាំ»។
លោកធ្លាប់បានព្យាកររួចមកហើយ បញ្ហានៃការធ្លាក់ចុះការផ្គត់ផ្គង់ឈីប សម្រាប់ការផលិតរថយន្តក្នុងពិភពលោក នឹងបន្តរហូតដល់ឆ្នាំ២០២៣ ដោយសារតែការបិទខ្ទប់ ទប់ស្កាត់កូវីដ១៩ ក្នុងប្រទេសផ្គត់ផ្គង់ឈីបសំខាន់ៗ។
ឧស្សាហកម្មយានយន្ត បានរងផលប៉ះពាល់យ៉ាងខ្លាំង ពីវិបត្តិឈីប ជាពិសេសចាប់តាំងពីដើមឆ្នាំ២០២១នេះមក៕ Source: Sabay