បច្ចេកវិទ្យា

រុស្ស៊ី និងអាមេរិក គ្រោងផលិតភាពយន្ត នៅក្នុងលំហបន្ថែម

បរទេស៖ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ត្រៀមខ្លួនរួចរាល់ឆ្លងព្រំដែនថ្មី សម្រាប់ការផលិតភាពយន្តក្នុងលំហ ដែលជាមធ្យោបាយមួយ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មកើនឡើង នៃការហោះហើរទៅអវកាស ស្ថិតក្នុងគន្លង និងឆ្ងាយជាងនោះ។

ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos គ្រោងធ្វើការបញ្ជូនតួសម្តែង អ្នកដឹកនាំរឿង និងអវកាសយានិក ទៅកាន់ស្ថានីយអវកាសអន្តរជាតិ នៅដើមខែក្រោយ ដើម្បីថតភាពយន្តខ្នាតធំដំបូងគេ នៅក្នុងទីអវកាស ដោយមានចំណងជើងថា The Challenge។

អ្នកដឹកនាំថតភាពយន្តរុស្ស៊ី លោក Klim Shipenko និងតួសម្តែងស្រី អ្នកនាង Yulia Peresild នឹងចំណាយពេល១២ថ្ងៃ នៅក្នុងលំហ ដែលក្នុងអំឡុតពេល១០ថ្ងៃ នឹងត្រូវចំណាយលើការថតភាពយន្ត នេះបើតាមការចេញផ្សាយរបស់កាសែត UPI។

គួរបញ្ជាក់ថា ទីភ្នាក់ងារ Roscosmos បានប្រកាសបេសកកម្មនេះ បន្ទាប់ពីអតីតរដ្ឋបាលណាសា លោក Jim Bridenstine បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រ កាលពីខែឧសភា ឆ្នាំ២០២០ថា តួសម្តែង លោក Tom Cruise នឹងធ្វើដំណើរទៅស្ថានីយអវកាស ដើម្បីថតភាពយន្ត ប៉ុន្តែមិនបានប្រកាសកាលបរិច្ឆេទ សម្រាប់បេសកកម្មរបស់លោកនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top