Lexus នឹងបើកបង្ហាញជាផ្លូវការរថយន្តសេ៊រីថ្មី ២០២២ គឺ LX600 ដែលជាកំណែប្រែថ្មីពី LX570 នៅថ្ងៃទី១៣ តុលាខានស្អែកនេះ។

តាមរយៈវីដេអូ Teaser ដែល Lexus បានបញ្ចេញកាលពីប៉ុន្មានថ្ងៃមុន គឺឱ្យឃើញផ្នែករថយន្តតិចតួចប៉ុណ្ណោះ ដូចជាផ្នែកចំហៀងរថយន្ត កង់ និងចង្កៀងខាងក្រោយជាប្រភេទ LED។
យ៉ាងណាមិញ មានការលេចធ្លាយផងដែរ នូវរូបរាងរបស់ LX600 ដែលកំពុងបើកបរលើដងផ្លូវ ក្នុងសហរដ្ឋអាមេរិក ដោយរូបភាពទាំងនោះត្រូវបានបង្ហោះនៅលើវេបសាយ motor1 ។ ប៉ុន្តែរថយន្តនោះ គឺត្រូវបានរុំយ៉ាងជិត មិនឱ្យឃើញរូបរាង ពិតប្រាកដឡើយ និងពិបាកក្នុងការសន្និដ្ឋានថាតើវារូបរាង បែបណាខ្លះ ។

Lexus LX600 ត្រូវបានគេប្រដូចថា ជាបងប្អូនជីដូនមួយនឹង Toyota Land Cruiser ។ វាទំនងជាប្រើប្រាស់ម៉ាស៊ីនតូច ជាង LX570 ពោលគឺវាអាចនឹងប្រើត្រឹមម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ កម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៥០ញូ៊វតុនម៉ែត្រ ព្រមទាំងប្រើប្រអប់ លេខស្វ័យប្រវត្តិ ១០វគ្គ ដំណើរដោយកង់ទាំង៤ (AWD) ។

គេក៏រំពឹងដែរថា Lexus ក៏នឹងបញ្ចេញម៉ូឌែលមួយទៀតគឺ LX750h ដំណាលហ្នឹង LX600ផងដែរ ដែលវាបំពាក់ ប្រព័ន្ធ Hybrid ប្រើម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ កម្លាំង ៤៨០សេះ និងកម្លាំងរមួល ៨៧១ញូ៊វតុនម៉ែត្រ និងប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ ដូចគ្នា៕
