ម៉ូតូ Ducati Monster ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងតម្លៃ ១៦ ៨០០ដុល្លារ។
Ducati Monster ឆ្នាំ២០២២ ទទួលបានការឌីហ្សាញថ្មីទាំងស្រុង ដោយលែងប្រើតួ trellis frame ទៀតហើយ តែជំនួសមកវិញនូវតួ alloy monocouque ខណៈពេលដែលតួក្រោយ (rear sub-frame) ជាប្រភេទ fibreglass ដែលអាចជួយកាត់បន្ថយទម្ងន់ និងភាពរឹងមាំ។

ម៉ូតូ Monster ប្រើម៉ាស៊ីនប្រភេទ Testastretta 11 V-twin មានកម្លាំងសរុប ១១១សេះ និងកម្លាំងរមួល ៩៣ញ៉ូតុនម៉ែត្រ ប្រើចង្កឹះលេខអំប្រ៊ីយ៉ា ៦វគ្គ។ បើប្រៀបធៀបទៅវាខ្លាំងជាងស៊េរីមុន ដែលមានកម្លាំងត្រឹម ១០៩សេះ និងកម្លាំងរមួល ៨៦ញ៉ូតុនម៉ែត្រ។


ជាមួយគ្នានេះដែរ ម៉ូតូនេះ ក៏មានទម្ងន់ស្រាលជាងមុនដែរ ត្រឹមតែ ១៨៨គីឡូក្រាមប៉ុណ្ណោះ ពោលគឺស្រាលជាងមុន ១៨គីឡូក្រាម។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ប្រព័ន្ធជំនួយ ការបើកបរមួយចំនួន ដែលរួមមានទាំង មុខងារ wheelie control, launch control និង cornering ABS ក៏ដូចជា មុខងារបើកបរ ៣ម៉ូដ និង កម្រិតទប់លំនឹង traction control ដល់ទៅ ៨ កម្រិត ផងដែរ។

ម៉ូតូ Ducati Monster ឆ្នាំ២០២២ បំពាក់ដុំហ្វ្រាំង Brembo M4.32 Monobloc មាន ៤ ពីស្តុង លើហ្វ្រាំងឌីសទំហំ ៣២០មីល្លីម៉ែត្រ ខណៈផ្នែកខាងក្រោយមានទំហំ ២៤៥មីល្លីម៉ែត្រជាប្រភេទ Brembo ដូចគ្នា។ ពាក់ព័ន្ធជាមួយប្រព័ន្ធបូមវិញ Monster ប្រើបូមប្រភេទ upside-fork ទំហំ ៤៣មីល្លីម៉ែត្រ ដែលមិនអាចសារ៉េបានឡើយ ខណៈខាងក្រោយជាបូមទោល monoshock អាចសារ៉េបាន។

អ្វីដែលជាការអាប់ដេតបន្ថែមថ្មីសម្រាប់ Monster ឆ្នាំ២០២២ គឺកុងទ័រ TFT-LCD ទំហំ ៤,៣អ៊ីញ ដែលបង្ហាញគ្រប់ព័ត៌មានសំខាន់ៗទាំងអស់។ ក្រៅពីនោះ ម៉ូតូនេះមានបំពាក់ចង្កៀងមុខ LED, ស៊ីញ៉ូ LED និង ប្រើធុងសាំងចំណុះ ១៤លីត្រ ហើយមានជម្រើសពណ៌ចំនួន ៣ គឺ Ducati Red, Dark Stealth និង Aviator Grey៕ Source: Sabay


