ការវាយប្រហារតាមរយៈកម្មវិធីជំរិតទារប្រាក់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងកំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ-១៩ ដែលកាលពីមុនមក ការវាយប្រហារភាគច្រើន គឺផ្ដោតទៅលើអ្នកប្រើប្រាស់ទូទៅ ឬក្រុមហ៊ុន ប៉ុន្តែបច្ចុប្បន្ននេះ ពួកជនខិលខូច បានងាកមកធ្វើការវាយប្រហារ ទៅលើប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាល និងមន្ទីរពេទ្យវិញ ដែលធ្វើឱ្យពួកគេ អាចរកចំណូលបានច្រើនជាងមុន។
ទោះជាយ៉ាងណាក្ដី ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមជនខិលខូចក៏បានធ្វើការ វាយប្រហារទៅលើ ប្រព័ន្ធកុំព្យូទ័រ របស់សាលារៀនជាច្រើន បើទោះបីជាពួកគេមិនទទួលបាន ចំណូលច្រើនក៏ដោយ។បើតាមការផ្សព្វផ្សាយ របស់ក្រុមហ៊ុនសុវត្ថិភាពអុីនធឺណិត Emsisoft បានបង្ហាញឱ្យឃើញថា សាលារៀនចំនួន៩៨៥ នៅសហរដ្ឋអាមេរិក ត្រូវបានរងការវាយប្រហារ នៅក្នុងឆ្នាំនេះ ដែលពេលខ្លះសាលាទាំងនោះ ត្រូវបានផ្អាកការសិក្សា ដោយសារតែប្រព័ន្ធកុំព្យូទ័រ របស់ពួកគេមានបញ្ហា។
ប៉ុន្តែចំនួនសាលារៀន ដែលរងការវាយប្រហារ អាចមានចំនួនច្រើនជាងនេះ ដោយសារតែសាលាមួយចំនួន មិនបានធ្វើសេចក្ដីរាយការណ៍ជាផ្លូវការ ដែលពួកគេពុំអាចប្រមូលទិន្នន័យ ទាំងនោះបាន។ ក្នុងឆ្នាំ២០២០ សាលារៀនចំនួន៧០០ នៅក្នុងសហរដ្ឋអាមេរិច បានរងការវាយប្រហារ។
ក្រុមអ្នកស្រាវជ្រាវ ក៏បានបង្ហាញផងដែរថា ការវាយប្រហារដោយប្រើកម្មវិធី ជំរិតទារប្រាក់ នឹងមានការកើនឡើងកាន់តែច្រើនក្នុងរយៈពេលខ្លី មុននឹងមានការថយចុះ ដោយសារតែ រដ្ឋាភិបាលនិងអាជ្ញាធរ នៅក្នុងប្រទេសជាច្រើន បានកំពុងតែខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់បទល្មើស បច្ចេកវិទ្យាទាំងនោះ។
ដើម្បីចៀសវាងពីការវាយប្រហារផ្សេងៗ អ្នកប្រើប្រាស់ត្រូវតែធ្វើបច្ចុប្បន្នភាព កម្មវិធីឱ្យបានឆាប់រហ័ស ដើម្បីកែសម្រួល ភាពចន្លោះប្រហោង របស់កម្មវិធី និងចៀសវាង ទាញយកកម្មវិធី ពីគេហទំព័រដែលពុំមានប្រភពច្បាស់លាស់ ព្រោះកម្មវិធីទាំងអស់នោះ ភាគច្រើនមានបង្កប់មកជាមួយនូវកម្មវិធីមេរោគ ដែលអាចលួចទាញយកទិន្នន័យ ឬអុីនគ្រីបទិន្នន័យ នៅក្នុងកុំព្យូទ័របាន៕ Source: Sabay