បរទេស៖រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ បានធ្វើការឆ្លើយតបចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ការតេស្តមីស៊ីលមួយនៅក្នុងទីអវកាស កម្ទេចចោលផ្កាយរបណចាស់មួយ បង្កគ្រោះថ្នាក់ដល់ជីវិតអវកាសយានិកជាច្រើននាក់ នៅលើស្ថានីយអវកាសអន្តរជាតិនោះ។
ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ថា ខ្លួនបានធ្វើតេស្តមីស៊ីលបាញ់កម្ទេចផ្កាយរណបមួយ ដែលហោះនៅក្នុងលំហអស់រយៈពេលជិត៤០ឆ្នាំ ប៉ុន្តែបានច្រានចោលការចោទប្រកាន់ ដែលថា ការធ្វើឲ្យមានកម្ទេចកម្ទីតូចៗ បង្កឲ្យមានការគម្រាមកំហែងដល់បុគ្គលិកស្ថានីយអវកាសអន្តរជាតិ។
មន្ត្រីសហរដ្ឋអាមេរិក បានហៅការធ្វើតេស្តរបស់រុស្ស៊ីនោះថា ជាទង្វើធ្វេសប្រហែសនិងគ្មានទំនួលខុសត្រូវ ដោយនិយាយថា បំណែកដ៏ធំំមួយនៃកម្ទេចកម្ទី ដែលហោះអណ្តែកបុកនឹងស្ថានីយអវកាសកំពុងធ្វើដំណើរក្នុងល្បឿនជិត១៨.០០០ម៉ាយក្នុងមួយម៉ោងនោះ អាចនឹងជាគ្រោះថ្នាក់ដ៏ក្រៃលែង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយដូច្នេះថា “សហរដ្ឋអាមេរិកដឹងច្បាស់ថា ការបង្កើតឲ្យមានកម្ទេចទាំងនោះ មិនតំណាងហើយក៏នឹងមិនបង្កឲ្យមានការគម្រាមកំហែងដល់ស្ថានីយអវកាស យានអវកាស និងសកម្មភាពក្នុងលំហនានា ក្នុងលក្ខខណ្ឌនៃពេលវេលាធ្វើតេស្ត និងប៉ារ៉ាម៉ែត្រក្នុងគន្លងដែរ”៕