កូរ៉េ ៖ តាមរបាយការណ៍បាននិយាយថា លោក Lee Jae-yong ជាអ្នកដឹកនាំជាក់ស្តែង នៃក្រុមហ៊ុន Samsung Electronics បច្ចុប្បន្ននៅក្នុង សហរដ្ឋអាមេរិក អ្នកសង្កេតការណ៍ ឧស្សាហកម្មរំពឹងថា ក្រុមហ៊ុននឹង សម្រេចចិត្ត លើទីតាំងចុងក្រោយសម្រាប់រោងចក្រ ផលិតទី២ របស់ខ្លួននៅសហរដ្ឋអាមេរិក យោងតាមការចេញផ្សាយ ពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូង ។
ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកមួយចំនួន ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់បានរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីប របស់កូរ៉េខាងត្បូង ហាក់ដូចជាបានបង្រួមបញ្ជី បេក្ខជនរបស់ខ្លួន សម្រាប់រោងចក្រផលិតថ្មី ដែលគេជឿថាមានតម្លៃ ១៧ ពាន់លានដុល្លារ។ វាត្រូវបានគេរកឃើញថា Samsung បានដកពាក្យសុំ របស់ខ្លួនបានដាក់ក្នុងខែមករា ជាមួយ Manor Independent School District ក្នុង Travis County រដ្ឋ Texas សម្រាប់ការលើកទឹកចិត្ត ផ្នែកពន្ធសាជីវកម្ម ។
របាយការណ៍ព័ត៌មាន បាននិយាយថា ប្រភេទឯកសារដូចគ្នាដែលបានដាក់ក្នុង ខែកក្កដាជាមួយទីក្រុង Taylor នៅតែអាច រកឃើញ នៅលើគេហទំព័រ សាធារណៈ របស់ទីក្រុង ។ Samsung បាននឹងកំពុងថ្លឹងថ្លែង អំពីអត្ថប្រយោជន៍ នៃការលើកទឹកចិត្ត ពន្ធដែលស្នើឡើង ដោយយុត្តាធិការ ទាំង២ នៅរដ្ឋតិចសាស់ ។ Austin ជាកន្លែងដែលក្រុមហ៊ុន Samsung បានដំណើរការរោង ចក្របង្កើតដំបូង របស់ខ្លួន តាំងពីឆ្នាំ១៩៩៦ត្រូវបានចាត់ទុកថា ជាជម្រើសដ៏ងាយស្រួលបំផុត សម្រាប់ Samsung ក្នុងការសាងសង់ រោងចក្រទី២របស់ខ្លួន ។
ទោះជាយ៉ាងណាក៏ដោយ ការដាច់ភ្លើងដែលមិនធ្លាប់មាន ពីមុនមកកាលខែមីនា ដោយសារព្យុះរដូវរងា បានបញ្ឈប់រោងចក្រ Austin អស់រយៈពេលមួយខែ បានលេចចេញជាអថេរ ដ៏សំខាន់សម្រាប់ជម្រើសរបស់ Samsung ។ ទីក្រុង Taylor មានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីក្រុង Austin បានកើនឡើងក្នុងនាមជាអ្នកនាំមុខគេ ក្នុងការប្រណាំងតាំង ពីខែសីហាមក ខណៈទីក្រុងនេះបានផ្តល់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កូរ៉េនូវសំណុំ នៃការលើកទឹកចិត្ត ដែលរួមបញ្ចូលការបញ្ចុះតម្លៃពន្ធ សម្រាប់រោងចក្រ Samsung ។
ក្រុមប្រឹក្សាក្រុង បានអនុម័តដំណោះស្រាយរួចហើយធ្វើឲ្យមានទីតាំងមានទំហំជាង ៥៥០,០០០ម៉ែត្រការ៉េសម្រាប់ក្រុមហ៊ុន Samsung ។ ឯកសារនេះបាននិយាយថា ការសាងសង់នឹង ចាប់ផ្តើមនៅដើមឆ្នាំ ២០២២ ចំណែកសាលារៀនឯករាជ្យ របស់ខ្លួនក៏បានអនុម័តការលើកទឹកចិត្ត ផ្នែកពន្ធសម្រាប់ Samsung ផងដែរ ៕ ដោយ៖លី ភីលីព