កាលពីថ្មីៗនេះ អចលនទ្រព្យសិប្បនិម្មិតមួយនៅ Decentraland ទើបលក់បានក្នុងតម្លៃ ២,៤លានដុល្លារ ទៅឱ្យអ្នកទិញ Tokens.com ដោយប្រើប្រាស់លុយឌីជីថល MANA។
គួរដឹងថា Decentraland គឺជាពិភពអនឡាញមួយដែលគេហៅថា “metaverse” ជាកន្លែងរស់នៅថ្មីមួយបែបច្នៃប្រឌិត ដែលមនុស្សមានតួអង្គជាតុក្កតា (avatar) មានដីធ្លី អាគារ និងហាងលក់របស់ជាដើម។
បរិយាកាសបែបនេះបានកើនឡើង និងមានការគាំទ្រ ព្រោះតែជំងឺកូវីដ១៩ ត្បិតមនុស្សសម្រាកនៅផ្ទះ និងចំណាយពេលជាច្រើនលើអ៊ីនធឺណិត ហើយវាក៏ស្របពេលនឹង Facebook ប្តូរឈ្មោះទៅជា Meta ដែលផ្តោតលើការអភិវឌ្ឍពិភព metaverse ផងដែរ។
បន្ដរពីការលក់ដីខាងលើ អ្នកនាំពាក្យរបស់ Decentraland និង របាយការណ៍ពី Tokens.com បាននិយាយថា Tokens.com ដែលជាបុត្រសម្ព័ន្ធរបស់ ហៅថា Metaverse Group បានទិញអចលនទ្រព្យ ប្រមាណជា ៦សែនកាក់MANA កាលពីថ្ងៃចន្ទ ដែលមានតម្លៃប្រហែល ២,៤លានដុល្លារ នៅពេលនោះ (បច្ចុប្បន្នលុយនេះឡើងថ្លៃបន្តទៀត)។
ដីនេះគឺស្ថិតនៅតំបន់ “Fashion Street” ក្នុងផែនទីរបស់ Decentraland ហើយ Tokens.com ទិញវាមក គឺសម្រាប់ធ្វើជាព្រឹត្តិការណ៍បង្ហាញម៉ូដឌីជីថល និងលក់សម្លៀកបំពាក់និម្មិតសម្រាប់តួអង្គដែលរស់នៅក្នុងនោះជាតុក្កតា (avatar)។
ដីសិប្បនិម្មិតនេះផងដែរមាន ១១៦ឡូត៍ ក្នុងមួយឡូត៍ៗមានទំហំ ១៦ម៉ែត្រការ៉េ ដែលសរុបទៅមានទំហំប្រមាណ ១៨៥០ម៉ែត្រការ៉េ ឯណោះ។
សង្ខេបមកវិញ នេះជាពិភពអនឡាញថ្មីមួយទៀត ដែលមានបរិស្ថានដូចនឹងអ្វីដែលយើងរស់នៅសព្វថ្ងៃ គ្រាន់តែវាត្រូវបានវិវឌ្ឍន៍ទៅជាឌីជីថល និងចាយលុយពិតៗ ជាប្រភេទលុយជំនាន់ថ្មី Cryptocurrency៕
ប្រភព៖ http://sabay