បច្ចេកវិទ្យា

Tesla គ្រោងនឹងរៀបចំ ខ្សែសង្វាក់ផលិតកម្ម នៅសៀងហៃ

សៀងហៃ៖ ក្រុមហ៊ុនផលិយរថយន្តយក្សអាមរិក Tesla Inc កំពុងវិនិយោគទឹកប្រាក់១,២ពាន់លានយន់ (១៨៧,៩១ លានដុល្លារ) ដើម្បីបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផលិតកម្ម នៅរោងចក្រសៀងហៃរបស់ខ្លួន ខណៈ ប្រទេសចិនកំពុងកើនឡើង ជាមជ្ឈមណ្ឌលនាំចេញសកល ដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

តាមការដាក់ពាក្យរបស់ក្រុមហ៊ុន Tesla ទៅកាន់វេទិការដ្ឋាភិបាលសៀងហៃ សម្រាប់ការបង្ហាញព័ត៌មានអំពីបរិស្ថាន របស់ក្រុមហ៊ុនក្នុងស្រុកថា គម្រោងនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែធ្នូ និងបញ្ចប់នៅខែមេសា ឆ្នាំ២០២២។ Tesla មិនបានបញ្ជាក់ អំពីការផ្លាស់ប្តូរសមត្ថភាពផលិតនៅរោងចក្រដែលបច្ចុប្បន្នផលិតរថយន្ត បានរហូតដល់ ៥០០,០០០ គ្រឿងក្នុងមួយឆ្នាំនោះទេ ប៉ុន្តែបាននិយាយថា ខ្លួននឹងបន្ថែមកម្មករចំនួន ៤,០០០នាក់ទៀតបន្ទាប់ពីគម្រោងនេះ ត្រូវបានបញ្ចប់នឹងបង្កើនចំនួនបុគ្គលិក របស់រោងចក្រដល់ ១៩,០០០នាក់។

រោងចក្រសៀងហៃ បានចាប់ផ្តើមផលិត នៅចុងឆ្នាំ២០១៩ ជារោងចក្រផលិតរថយន្តដំបូងរបស់ Tesla នៅខាងក្រៅសហរដ្ឋអាមេរិក និងជារោងចក្រផលិតរថយន្តដឹកអ្នកដំណើរដំបូង និងតែមួយគត់របស់ប្រទេសចិន ដែលជាកម្មសិទ្ធិទាំងស្រុងដោយក្រុមហ៊ុនផលិតរថយន្ត នៅក្រៅប្រទេស។ បច្ចុប្បន្នរោងចក្រនេះផលិតរថយន្ត Model 3 និង Model Y ហើយលក់វានៅប្រទេសចិន ប្រទេសផ្សេងទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។

បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនផលិតរថយន្តថា រោងចក្រនេះបានក្លាយជា ក្រុមហ៊ុននាំចេញសកល ដ៏សំខាន់របស់ក្រុមហ៊ុន Tesla កាលខែកក្កដា សម្រាប់ត្រីមាសទី៣ រោងចក្រនេះផលិតរថយន្ត បានចំនួន ១៣៣,២០០គ្រឿង ក្នុងនោះ ៥៩,៥៧៩ត្រូវបាននាំចេញ។ ស្ថិតិពីសមាគមរថយន្តដឹកអ្នកដំណើរចិន បានបង្ហាញថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ការនាំចេញយានយន្តពីរោងចក្រសៀងហៃ ឈានដល់ជិត ១៥០,០០០គ្រឿង ហើយការលក់នៅប្រទេសចិន មានចំនួនប្រហែល ២១០,០០០ គ្រឿង។

លោក Roy Lu អ្នកវិភាគឯករាជ្យដែលមានមូលដ្ឋាន នៅប្រទេសចិន បាននិយាយថា ការវិនិយោគនេះកើតឡើង មិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែតម្រូវការរថយន្តអគ្គិសនី កំពុងកើនឡើងទាំងនៅប្រទេសចិន ជាកន្លែងរថយន្តរបស់ខ្លួន ត្រូវបានគេស្រឡាញ់ និងទីផ្សារក្រៅប្រទេស ដូច្នេះក្រុមហ៊ុន Tesla ចាំបាច់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ឲ្យបានឆាប់រហ័សនៅសៀងហៃ៕ ដោយ៖លី ភីលីព

Most Popular

To Top