បច្ចេកវិទ្យា

ឡាន​អគ្គិសនី​ ​ទីមួយរបស់ Lexus សាកពេញម្តងជិះបាន ៦០០គ.ម អាច​នឹងប្រើឈ្មោះនេះ

ក្រុមហ៊ុន Lexus ទើបតែបញ្ចេញ​គំរូ ​រថយន្ត​អគ្គិសនីទីមួយរបស់ខ្លួន ស៊េរីឆ្នាំ​២០២៣ ដែលអាច​នឹង​ប្រើឈ្មោះ RZ 450e Crossover ដោយវាមាន​រូបរាង ​ដ៏ស្អាត​ទាក់ទាញបំផុត និង​អាច​ធ្វើដំណើរ​បាន​ឆ្ងាយ​ ជាងរថយន្ត​អគ្គិសនីទីមួយរបស់ Toyota ទៅទៀត ពេល​សាកភ្លើងពេញ។

រថយន្ត​អគ្គិសនីនេះ ត្រូវបានឌីហ្សាញ ​ជា​រថយន្ត​បែបអនាគត​ ដែល​មាន​ភាពប្រណីតខ្លាំង ពិសេស​ផ្នែក​ខាងមុខ​ដែល​រចនា​ជារាងច្រមុះ​ត្រីឆ្លាម បំពាក់​ជាមួយ​ LED និង​មាន​ប៉ាណា spindle grille ដែល​ Leuxs ច្រើនតែ​បំពាក់​លើ​រថយន្ត​ខ្លួន។ ផ្នែក​ចំហៀង​រថយន្ត​ គឺ​ឃើញ​មាន​ដៃទ្វារ​ជារបៀប pop-out E-latch គឺ​វា​នឹងលៀនចេញមក​ ពេល​យើង​ត្រូវការ​បើកទ្វារ។ ចង្កៀង​ស្តុបក្រោយ​ក៏ជាប្រភេទ LED និង​មាន​បំពាក់​ spoiler នៅខាងក្រោយ​ផងដែរ។

ចំណែក​ផ្នែក​ខាងក្នុងរថយន្ត បើតាមរូបភាពដែល​ Lexus បាន​បង្ហាញ​គឺចាប់អារម្មណ៍ ជាពិសេស​លើដៃចង្កូត​ ដែល​ឌីហ្សាញ​ជារាងនឹមលើកដំបូង (yoke steering) បំពាក់​កុងទ័រ​ឌីជីថល និង​មាន​ប្រព័ន្ធ​កម្សាន្ត Touchscreen ដ៏ធំ​នៅចំកណ្តាលផ្ទៃតាប្លូ ដែល​អាចបញ្ជាដោយប្រើសំឡេង ព្រមទាំងមានអេក្រង់ heads-up display ផងដែរ។ ចំពោះកៅអីរថយន្ត មើលទៅដូចជា​កៅអី​សម្រាប់​ដាក់​នៅលើ រថយន្តប្រណាំងផងដែរ ដែលមានចំនួន៤ (មុខ២ ក្រោយ២) និង​ប្រើសោឌីជីថល។

Lexus RZ 450e ត្រូវអភិវឌ្ឍ​ឡើង​លើគ្រោង​ឆ្អឹង e-TNGA ដូចរថយន្ត bZ4X របស់ Toyota និង Solterra របស់ Subaru ដែរ។ រថយន្តនេះ​មាន​កម្លាំងម៉ាស៊ីនខ្លាំង ៥៣៦សេះ ដោយជាន់ពីល្បឿន ០ ទៅ ១០០គ.ម/ម៉ ប្រើពេលតែ ៣វិនាទី និង​មាន​អាគុយធំផ្ទុកភ្លើងបាន ៩០គីឡូវ៉ាត់ម៉ោង ហើយ​ពេល​សាកភ្លើង​ពេញម្តង អាចធ្វើដំណើរ បានដល់ចម្ងាយ ៦០០គីឡូម៉ែត្រ។ វាក៏នឹងភ្ជាប់​មក​ជាមួយ​ដុំ សាកលឿនផងដែរ។ បើប្រៀបធៀបនឹង Toyota bZ4X គឺបំពាក់អាគុយផ្ទុកភ្លើងបានតែ ៧១,៤គីឡូវ៉ាត់ម៉ោង ដែល​អាចធ្វើដំណើរ​បានត្រឹម ៤២០គីឡូម៉ែត្រ។

អាគុយរបស់ Lexus នេះ អាចប្រកួត​ជាមួយគូប្រជែងធំៗបានដូចជា Tesla Model Y, Audi Q4 e-tron, Genesis GV60, BMW iX, Mercedes-Benz EQC, Jaguar I-Pace, Polestar 2 និង Cadillac Lyriq។

ក្រុមហ៊ុន​ Lexus នឹង​បញ្ចេញ​រថយន្តនេះ ជាផ្លូវការ​ក្នុងអំឡុងពីរបីខែក្រោយ ហើយគ្រោងដាក់លើទីផ្សារ​ នៅ​អំឡុងឆមាស​ទី២ នៃឆ្នាំ​២០២២ ដោយមិនទាន់​បាន​បញ្ជាក់​ នៅឡើយ៕ Source: Sabay

Most Popular

To Top