បច្ចេកវិទ្យា

ខ្លាំងមែន! វៀតណាម យកឡាន SUV អគ្គិសនីខ្លួន ទៅលក់នៅអាមេរិក ប្រជែង Tesla

កាលពីសប្តាហ៍មុន ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានដាក់បង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងកម្មវិធី 2021 Los Angeles Auto Show ដោយក្នុងនោះមានម៉ូដែល VF E35 និង VF E36។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ VinFast VF E36 ដែលជា SUV កៅអី ៣ជួរ ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ នឹងក្លាយជាគូប្រជែងរបស់ Tesla Model Y ដែលជាម៉ាករថយន្តអគ្គិសនីល្បីឈ្មោះខ្លាំងទូទាំងពិភពលោក។

រថយន្ត VinFast VF E36 មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចបង្កើតកម្លាំងបានសរុប ៤០២សេះ ខណៈក្រុមហ៊ុន VinFast គ្រោងផ្តល់ជម្រើសអាគុយចំនួន ២ ប្រភេទ ដោយមួយផ្តល់ចម្ងាយបើកបរ ៣០០ម៉ាយ៍ (៤៨០គីឡូម៉ែត្រ) និង មួយទៀតផ្តល់ចម្ងាយ ៤០០ម៉ាយ៍ (៦៤០គីឡូម៉ែត្រ) នៅពេលសាកភ្លើងពេញម្តង។

បើប្រៀបធៀបគ្នាវិញ រថយន្ត Tesla Model Y មានកម្លាំង ៤៥០សេះ ហើយមានជម្រើសអាគុយចំនួន ៣ គឺ ៣០០ម៉ាយ៍ (៤៩០គីឡូម៉ែត្រ), ៣២៥ម៉ាយ៍ (៥២៥គីឡូម៉ែត្រ) និង ២៤៥ម៉ាយ៍ (៣៩០គីឡូម៉ែត្រ)។ វាត្រូវបានដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃខ្ទង់ ៦ម៉ឺនដុល្លារ។

ដោយឡែកចំពោះរថយន្ត VinFast VF E36 វិញ មិនទាន់មានតម្លៃផ្លូវការនៅឡើយទេ ប៉ុន្តែគេរំពឹងថា វានឹងមានតម្លៃខ្ទង់ ៦ម៉ឺនដុល្លារដែរ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយតម្លៃនេះគឺប្រហាក់ប្រហែលជាមួយនឹង Tesla Model Y ដែរ។

យ៉ាងណាមិញ រថយន្ត VinFast VF E36 នឹងត្រូវចេញលក់ ហើយដឹកឲ្យអតិថិជននៅសហរដ្ឋអាមេរិកជាផ្លូវការ នាឆ្នាំ២០២២ ខាងមុខនេះតែម្តង៕http://ប្រភព៖sabay

Most Popular

To Top