អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយបានចំណាយប្រាក់ចំនួន១៥០,០០០ផោន ដល់អ្នកស្ម័គ្រចិត្តដែលក្លាហានដើម្បីប្រើមុខ របស់ពួកគេលើមនុស្សយន្តរបស់ខ្លួន ដោយធ្វើការនៅក្នុងសណ្ឋាគារ ផ្សារទំនើប និងព្រលានយន្តហោះនៅឆ្នាំ ២០២៣នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមហ៊ុន Robot Manufacturer Promobot កំពុងស្វែងរកមុខសម្រាប់មនុស្សយន្តបន្ទាប់របស់ខ្លួនដែល ប្រើប្រាស់តាមសណ្ឋាគារ ផ្សារទំនើប និងព្រលានយន្តហោះចាប់ពីឆ្នាំ ២០២៣តទៅ។ ក្រុមហ៊ុនកំពុងផ្តល់ប្រាក់ចំនួន ១៥០,០០០ ផោន ស្មើ២០០,០០០ដុល្លារអាមេរិកដល់អ្នកស្ម័គ្រចិត្តក្លាហានមានឆន្ទៈ ក្នុងការផ្ទេរសិទ្ធិប្រើប្រាស់មុខរបស់ពួកគេជារៀងរហូត។ Promobot គឺជាក្រុមហ៊ុនផលិតមនុស្សយន្ត ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ត្រូវបានគេស្គាល់ថា ជាមនុស្សយន្តមានលក្ខណៈប្រាកដនិយម។
មនុស្សយន្តរបស់វាកំពុងត្រូវបាន ប្រើប្រាស់រួចហើយក្នុងប្រទេសចំនួន ៤៣ ដោយធ្វើការលើតួនាទីជាច្រើនរួមមានអ្នកគ្រប់គ្រង អ្នកផ្សព្វផ្សាយ ទីប្រឹក្សា មគ្គុទ្ទេសក៍ និងអ្នកសម្របសម្រួល។ Promobot បាននិយាយថា ក្រុមហ៊ុនរបស់យើងកំពុងអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យសម្គាល់មុខ ក៏ដូចជាការនិយាយ ការរុករកដោយស្វ័យភាព បញ្ញាសិប្បនិម្មិត និងផ្នែកផ្សេងទៀតនៃមនុស្សយន្ត។
ចាប់តាំងពីឆ្នាំ២០១៩មក យើងបានផលិត និងផ្គត់ផ្គង់មនុស្សយន្តយ៉ាងសកម្មទៅកាន់ទីផ្សារ។ អតិថិជនថ្មីរបស់យើងចង់ចាប់ផ្តើមគម្រោងទ្រង់ទ្រាយធំ ហើយសម្រាប់បញ្ហានេះ ពួកគេត្រូវការអាជ្ញាប័ណ្ណរូបរាងមនុស្សយន្តថ្មី ដើម្បីជៀសវាងការពន្យារពេលផ្លូវច្បាប់។ សម្រាប់យុទ្ធនាការចុងក្រោយរបស់ខ្លួន ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងស្វែងរកអ្នកដែលមានមុខចិត្តល្អ និងរួសរាយ ដើម្បីប្រើនៅលើមនុស្សយន្តជំនួយការ៕
ដោយ៖លី ភីលីព