បច្ចេកវិទ្យា

ក្រុមហ៊ុន Facebook លាតត្រដាងបណ្តាញចិន នៅពីក្រោយអ្នកជំនាញ ក្លែងក្លាយ

ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ BBC បានប្រាប់ឲ្យដឹងថា ម្ចាស់ Facebook Meta Platforms បានលុបគណនីជាង ៥០០ ដែលភ្ជាប់ទៅបណ្តាញ ព័ត៌មាន មិនពិតតាមប្រព័ន្ធអ៊ីនធើណេត មានមូលដ្ឋាន ជាចម្បង នៅក្នុងប្រទេសចិន ។

គណនីទាំងនោះ បានផ្សព្វផ្សាយការអះអាងរបស់អ្នកជីវវិទូជនជាតិ ស្វីស ក្លែងក្លាយឈ្មោះ “Wilson Edwards” បានចោទប្រកាន់ថា សហរដ្ឋអាមេរិក កំពុងជ្រៀតជ្រែក ក្នុងកិច្ចខិត ខំប្រឹងប្រែង ដើម្បីស្វែងរកប្រភពដើម នៃ Covid-19 ។ ការអត្ថាធិប្បាយ របស់លោក Edwards ត្រូវបានផ្សព្វផ្សាយយ៉ាង ទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់ប្រទេសចិន ។

ទោះយ៉ាង ណា ស្ថានទូតស្វីស បាននិយាយថា វាទំនងជាមិនមានមនុស្សនេះទេ ។ Meta បាននិយាយលើ របាយការណ៍ របស់ខ្លួនថា យុទ្ធនាការ ប្រព័ន្ធផ្សព្វផ្សាយ សង្គមមិនបានជោគជ័យច្រើន ហើយបានកំណត់គោលដៅ ទស្សនិកជនដែលនិយាយភាសាអង់គ្លេស នៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងទស្សនិកជន ដែលនិយាយភាសាចិន នៅតៃវ៉ាន់ ហុងកុង និងទីបេ ។

កាលពីដើមខែកក្កដា គណនីមួយដាក់ឈ្មោះជាអ្នកជីវវិទូជនជាតិស្វីសឈ្មោះ Wilson Edwards បានធ្វើសេចក្តីថ្លែងការណ៍ នៅលើ Facebook និង Twitter ថា សហរដ្ឋអាមេរិក កំពុងដាក់សម្ពាធលើអ្នកវិទ្យាសាស្ត្រ របស់អង្គការសុខភាពពិភពលោក ដែលកំពុងសិក្សា ពីប្រភពដើមនៃ Covid-19 ក្នុងការប៉ុនប៉ងបន្ទោសវីរុសនេះ នៅលើប្រទេសចិន ។

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ រួមទាំង CGTN, Shanghai Daily និង Global Times បានលើកឡើងពីអ្វី ដែលគេហៅថា ជីវវិទូដោយផ្អែកលើប្រវត្តិរូប Facebook របស់ លោក ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតស្វីសបាននិយាយ កាលពីខែសីហាថា បុគ្គលនោះទំនង ជាមិនមានទេ ដោយសារតែ គណនី Facebook ត្រូវបានបើកត្រឹមតែ២សប្តាហ៍មុន ការបង្ហោះលើកដំបូង និងមានមិត្តត្រឹមតែបីនាក់ ប៉ុណ្ណោះ ៕ដោយ៖លី ភីលីព

Most Popular

To Top