បន្ទាប់ពីបញ្ចេញស្មាតហ្វូនផ្ទាល់ខ្លួនប៉ុន្មានឆ្នាំមក ឥឡូវនេះក្រុមហ៊ុន Google ត្រូវបានគេដឹងថា កំពុងផលិតនាឡិកាវៃឆ្លាតលើកដំបូងបំផុតថែមទៀត។
យ៉ាងណាមិញ គេមិនទាន់ដឹងថា នាឡិកាវៃឆ្លាតរបស់ Google នេះ នឹងដាក់ត្រកូល Pixel នៅខាងមុខ (Pixel Watch) ឬអត់ទេ ដោយគ្រាន់តែដឹងថា ឈ្មោះកូដរបស់វាគឺ Rohan។
ការអភិវឌ្ឍនាឡិកាវៃឆ្លាតនេះ គឺធ្វើឡើងដោយក្រុមហ៊ុន Fitbit ដែលត្រូវបាន Google ទិញកាលពីដើមឆ្នាំ២០២១ ក្នុងតម្លៃ ២,១ពាន់លានដុល្លារ។ Fitbit ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ពិសេសផលិតឧបករណ៍បំពាក់លើដៃដូចជា smartwatch, pedometer និងឧបករណ៍ពាក់ដៃសម្រាប់វាស់ចង្វាក់បេះដូងជាដើម។ ប៉ុន្តែការផលិតនាឡិកាវៃឆ្លាតក្រោមឈ្មោះ Google នឹងមានតម្លៃថ្លៃជាង ត្រៀមប្រកួតនឹងគូប្រជែងខ្លាំងៗ ដូចជា Apple Watch។
ទន្ទឹមនឹងនេះ Google កំពុងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ Wear OS 3 ដែលធ្វើរួមគ្នាជាមួយក្រុមហ៊ុន Samsung ពោលគឺជាការច្របាច់បញ្ចូលគ្នារវាង Wear OS និង Tizen។
មុខងាររបស់នាឡិកា Google ទំនងមិនខុសពីនាឡិកាវៃឆ្លាតរបស់ក្រុមហ៊ុនផ្សេងៗទៀតឡើយ ប៉ុន្តែថ្មរបស់វាអាចនឹងចាញ់ប្រៀបគេ ដោយតាមរយៈដំណឹងលេចធ្លាយពីផ្ទៃក្នុងក្រុមហ៊ុន ឱ្យដឹងថា ថ្មមិនកាន់ទេ ដោយត្រូវសាករាល់ថ្ងៃ ហើយសាកយឺតទៀតផង។
Google អាចនឹងបញ្ចេញនាឡិកាវៃឆ្លាតនេះ នៅអំឡុងឆ្នាំ២០២២ ដោយតម្លៃត្រូវបានប៉ាន់ស្មានថា យ៉ាងហោចណាស់ក៏ ៣៤៩ដុល្លារដែរ៕