បរទេស៖ប្រទេសម៉ាឡេស៊ី នឹងធ្វើការសម្រេចចិត្តត្រឹមខែមករាថា តើត្រូវបន្តជាមួយផែនការខ្លួនសម្រាប់ប្រព័ន្ធ 5G តែមួយក្រុមហ៊ុនដែរឬក៏អត់ ក្រោយកាសែតរ៉យទ័ររាយការណ៍ពីក្តីព្រួយបារម្ភ ពីក្រុមប្រព័ន្ធចល័តជុំវិញតម្លៃនិងតម្លាភាព នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News។
យោងតាមសេចក្តីរាយការណ៍កាលពីខែមុន បានឲ្យដឹងថា ប្រព័ន្ធ 5G កណ្ដាលដែលបានស្នើឡើងរបស់ប្រទេសម៉ាឡេស៊ី ទទួលបានការប្រឆាំងជំទាស់ពីក្រុមហ៊ុនប្រតិបត្តិការសេវាទូរស័ព្ទធំៗ ដែលនៅមិនទាន់បានចុះឈ្មោះក្នុងផែនការរបស់រដ្ឋាភិបាល។
រដ្ឋមន្ត្រីទំនាក់ទំនងនិងពហុប្រព័ន្ធផ្សព្វផ្សាយ លោក Annuar Musa បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា គណៈរដ្ឋមន្ត្រីម៉ាឡេស៊ី នាពេលបច្ចុប្បន្ន កំពុងតែពិចារណាថា តើត្រូវអនុញ្ញាតដល់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ 5G ក្រោយមានក្តីព្រួយបារម្ភពីក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនផ្នែកឧស្សាហកម្មនានាថា ផែនការរបស់រដ្ឋាភិបាល អាចនឹងរារាំងដល់ការប្រកួតប្រជែង។
លោកបន្តយ៉ាងដូច្នេះថា “គណៈរដ្ឋមន្ត្រី នឹងពិភាក្សាគ្នាជាថ្មីម្តងទៀត ហើយនឹងធ្វើការសម្រេចចិត្តជាលើកចុងក្រោយ នៅក្នុងខែមករាថា តើត្រូវប្រកាន់ខ្ជាប់ជាមួយប្រព័ន្ធបណ្ដាញតែមួយ ឬក៏ត្រូវមានក្រុមហ៊ុនប្រតិបត្តិការច្រើនជាងមួយ ដើម្បីអនុញ្ញាតឲ្យមានការប្រកួតប្រជែងប្រភេទខ្លះៗ”៕ប្រែសម្រួល៖ប៉ាង កុង