គិតត្រឹមចុងឆ្នាំ ២០២១ នេះគេសង្កេតឃើញមានក្រុមហ៊ុន ជាច្រើនបានខិតខំស្រាវជ្រាវផលិតយានអាច ហោះបានទុកសម្រាប់ថ្ងៃអនាគត ឬជាភាសាបរទេសហៅថា «Flying Car/Moto» សុទ្ធសឹងតែដំណើរការដោយម៉ូទ័រអគ្គិសនី ដែលជាប្រភពថាមពលបៃតង និងជាដំណោះស្រាយដ៏ល្អបំផុតមិនប៉ះពាល់ដល់ បរិស្ថានក្នុងការផលិតយានយន្ត នាសតវត្សទី២១។
ថ្ងៃនេះ Sabay នឹងលើកយកឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យា ៣ ដែលផលិតបានចេញជារូបរាងពិតប្រាកដ និងអនុញ្ញាតឲ្យលោកអ្នកបើកសាកល្បងបាន ដូចមានរៀបរាប់ខាងក្រោម៖
៣) ក្រុមហ៊ុន Startup ជប៉ុនឈ្មោះ «A.L.I. Technologies»
ម៉ូតូហោះនេះសាកភ្លើងពេញអាចហោះ ដល់ល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាអាចហោះយូរបំផុត ៤០ នាទីដាក់លក់ក្នុងតម្លៃ ៧០ ម៉ឺនដុល្លារ។

ម៉ូតូហោះប្រភេទ Limited Editions មួយគ្រឿងនេះប្រើប្រាស់ម៉ូទ័រធំៗចំនួន៤ មានស្លាបធំៗ២ និងស្លាប តូចជុំវិញចំនួន៤ ទៀតដើម្បីអាចទ្រម៉ូតូទាំងមូលដែលមានទម្ងន់ជាង ៣០០ គីឡូក្រាមឲ្យវាហោះ ព្រមទាំងមានដៃចង្កូត និងមានអេក្រង់តាបឡូដូចម៉ូតូ បើកលើដី។
ប្រទេសជប៉ុន មិនទាន់ចេញច្បាប់អនុញ្ញាតឲ្យចរាចរយានប្រភេទនេះ បើកបរលើផ្លូវសាធារណៈនៅឡើយ។ បើសិនចង់បើក សាកបាន ប៉ុន្តែស្ថិតក្នុងបរិវេណដែលក្រុមហ៊ុនផ្តល់ជូនដែលមានដូចជាទីលានប្រណាំងម៉ូតូជាដើម។
២) ក្រុមហ៊ុន Startup ស្លូវ៉ាគីឈ្មោះ «Klein-vision»
ឡាននេះបំពាក់ម៉ាស៊ីនរថយន្ត BMW ប្រើសាំងសុទ្ធ អាចហោះបានកម្ពស់ ២៥០០ ម៉ែត្រចម្ងាយ ១០០០ គីឡូម៉ែត្រក្នុងល្បឿនលឿនបំផុត ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចសំកាំងលើអាកាស បាន ៤០ ម៉ោងដូចយន្តហោះខ្នាតតូច។

បើគិតសរុបទាំងការឌីហ្សាញផលិតគ្រោងឆ្អឹងទាំងមូល និងពេលឲ្យវាហោះរួចចុះដីក្លាយជាឡានវិញនេះចំណាយពេល ២ ឆ្នាំ។ ឡាននេះមានតម្លៃសរុប ២ លានដុល្លារអាមេរិក។
ឡាននេះធ្វើតេស្តច្រើនលើកច្រើនសារមកហើយបញ្ចប់ការហោះសាកល្បងរយៈពេល ៣០ នាទីជោគជ័យ។ ឥឡូវនេះ កំពុងបើកឲ្យសាធារណជនហោះសាកបាន។
១) ក្រុមហ៊ុន Startup ស៊ុយអែតឈ្មោះ «Jetson»
ឡានហោះនេះ បំពាក់មកនូវមានមុខងារសង្គ្រោះបន្ទាន់ដែលគ្រប់គ្រងពេលហោះមានបញ្ហា វាបំពាក់សែនស័រ LiDAR តាមដានស្ថានភាពដីដើម្បីបញ្ចៀសឧបសគ្គ និងមានឆ័ត្រយោងសម្រាប់ប្រើប្រាស់គ្រាអាសន្នផងដែរ។

Jetson One ប្រើប្រាស់ថាមពលអគ្គិសនីដើម្បីហោះ សណ្ដោងដោយម៉ូទ័រ ៨គ្រាប់ បង្កើតជាកម្លាំង ១០២សេះ និងអាចហោះហើរក្នុងល្បឿន ១០០គីឡូម៉ែត្រ/ម៉ោង ក្នុងរយពេលប្រមាណ ២០នាទី។
ឡានហោះចេញរូបរាងពិតមែន មួយនេះដាក់លក់ផ្លូវការ តម្លៃ ៩២០០០ ដុល្លារ ត្រូវបានបញ្ជារទិញអស់ហើយសម្រាប់ឆ្នាំ ២០២២ ប៉ុន្ដែក្រុមហ៊ុនផលិតឡានហោះនេះនឹងបន្ថែមផលិតសម្រាប់ឆ្នាំ ២០២៣ ព្រមទាំងបើកឲ្យសាកថែមទៀតផង។
នៅមិនទាន់អស់ត្រឹមនេះ នៅមានក្រុមហ៊ុនជាច្រើន ប្រទេសផ្សេងទៀតបានងាកមកអភិវឌ្ឃន៍ Flying /Car/Taxi កំពុងស្ថិតក្នុងដំណាក់កាល Concept ដែលជាយានដំណើរការ ដោយបច្ចេកវិទ្យាជំនាន់ចុងក្រោយ បង្អស់ទុកសម្រាប់អនាគត។ យើងនឹងចុះផ្សាយជូននៅលេខបន្ទាប់៕
ប្រភព៖ Sabay
