មិនបានប៉ុន្មានថ្ងៃផង បន្ទាប់ពីក្រុមហ៊ុនកូរ៉េ Hyundai បានបង្ហាញពីលក្ខណៈសម្បត្តិ ពិសេសតម្លៃនៃរថយន្តអគ្គិសនី Ioniq 5 ឆ្នាំ២០២២ ក្រុមហ៊ុនកូរ៉េមួយទៀត គឺ Kia បានបញ្ចេញនូវរថយន្តអគ្គិសនីថ្មីរបស់ខ្លួនផងដែរ ជាម៉ូដែល EV6 ឆ្នាំ២០២២ ដោយអះអាងថា មានអាគុយធំជាងនិងអាចបើកបរបានឆ្ងាយជាងរថយន្ត Ioniq 5។
Kia EV6 ពេលសាកភ្លើងពេញ គឺអាចធ្វើដំណើរបានចម្ងាយពី ៣៧៣ ទៅដល់ ៤៩៨គីឡូម៉ែត្រ ដោយខុសគ្នាទៅតាម option រថយន្តដែលមានដូចជា EX, EX Plus, GT-Line និង GT។ តួយ៉ាងរថយន្ត EV6 EX ដែលបំពាក់អាគុយទំហំ ៥៨គីឡូវ៉ាត់ម៉ោង គឺអាចបើកបរបានត្រឹម ៣៧៣គីឡូម៉ែត្រ ចំណែកឯ EV6 GT-Line និង EX Plus ផ្ទុកអាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង គឺអាចធ្វើដំណើរបានចម្ងាយ ៤៩៨គីឡូម៉ែត្រ។ បើប្រៀបធៀប Hyundai Ioniq 5 ពេលសាកភ្លើងពេញធ្វើដំណើរបានចម្ងាយ ៤៨៧គីឡូម៉ែត្រ។
សូមមើលការប្រៀបធៀបបន្ថែមខាងក្រោម៖
- Kia
-EV6 EX (ប៉ុងក្រោយ, កម្លាំង ១៦៧សេះ)៖ ចម្ងាយ ៣៧៣គីឡូម៉ែត្រ
-EV6 GT-Line និង EX Plus (ប៉ុងក្រោយ, កម្លាំង ២២៥សេះ)៖ ចម្ងាយ ៤៩៨គីឡូម៉ែត្រ
-EV6 (ប៉ុង២, កម្លាំង ៣២០សេះ)៖ ចម្ងាយ ៤៤០គីឡូម៉ែត្រ
- Hyundai
-Ioniq 5 Standard Range (ប៉ុងក្រោយ, កម្លាំង ១៦៨សេះ)៖ ចម្ងាយ ៣៥៤គីឡូម៉ែត្រ
–Ioniq 5 Long Range (ប៉ុងក្រោយ, កម្លាំង ២២៥សេះ)៖ ៤៨៧គីឡូម៉ែត្រ
-Ioniq 5 Long Range (ប៉ុង២, កម្លាំង ៣២០សេះ)៖ ៤១២គីឡូម៉ែត្រ។
បើតាមការប្រៀបធៀបខាងលើ គេឃើញថា រថយន្ត Kia EV6 គឺឈ្នះលើចម្ងាយរបស់រថយន្ត Hyundai Ioniq 5 ប៉ុន្តែតម្លៃវិញនៅមិនទាន់ដឹងថា ថោក ឬថ្លៃជាងគ្នាប៉ុនណានោះទេ ពោលគឺក្រុមហ៊ុន Kia មិនទាន់បង្ហាញតម្លៃរថយន្តខ្លួននៅឡើយ ខណៈ Ioniq 5 មានតម្លៃចាប់ពី ៣៩ ៧០០ដុល្លារឡើងទៅ៕