ក្រុមហ៊ុនតៃវ៉ាន់ Graft EV បានបញ្ចេញម៉ូតូអគ្គិសនី បែបផ្សងព្រេងថ្មី របស់ខ្លួនម៉ូដែល E0.12 ដែលមានទម្ងន់ស្រាល ហើយជាម៉ូតូដែលមិនសូវ រករឿងម្ចាស់ ក្នុងការថែទាំ ។

ម៉ូតូប្រភេទ Dirt Bike នេះផ្គុំឡើងដោយគ្រោងធ្វើពីអាលុយមីញ៉ូម និង ទីតាញ៉ូម ជាមួយនឹងកង់កាបូនទំហំ ២១អ៊ីញ និងម៉ូទ័រអគ្គិសនី ធ្វើឱ្យវាមានទម្ងន់ស្រាលត្រឹមតែ ៥០គីឡូក្រាម ។ នៅចំកណ្តាលតួម៉ូតូ គឺបំពាក់កុងទ័រ ដែលផ្តល់ទិន្នន័យឱ្យអ្នកបើកបរ នូវល្បឿនកំពុងបើក។
ក្រុមហ៊ុននេះ មិនបានទម្លាយឱ្យដឹង ពីទំហំអាគុយរបស់ម៉ូតូ E0.12 នេះឡើយ ដោយគ្រាន់តែដឹងថា វាបំពាក់អាគុយ ចំនួន២អាចដោះដូរបាន ហើយម៉ូទ័រអគ្គិសនីមានកម្លាំង ២៦សេះ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ មានទំហំប្រហែលនឹងម៉ូតូ ដែលមានកម្លាំងពី ២០០ ទៅ ២៥០សេសេដែរ។
អ្វីដែលកាន់តែពិសេស ម៉ូតូតៃវ៉ាន់នេះ មានអាវក្រោះការពារការជ្រាបទឹក IP67 ដែលវាអាចចុះទឹកបាន ៣០វិនាទី ដោយគ្មានការខូចខាត គឺកាន់តែផ្តល់ភាពងាយស្រួល ដល់អ្នកបើកបររុកព្រៃ។

យ៉ាងណាមិញ ក្រុមហ៊ុន Graft EV មិនទាន់បង្ហាញតម្លៃ នៃម៉ូតូផ្សងព្រេងនេះឡើយ ដោយគេរំពឹងថា វានឹងចេញលក់ក្នុងអំឡុងឆ្នាំ២០២២ខាងមុខ ៕
