ក្រុមហ៊ុន Ford បានប្រកាសចេញជាផ្លូវការ នូវរថយន្តអគ្គិសនីដំបូងរបស់ខ្លួន គឺ F-150 Lightning កាល២ខែមុន ហើយឥឡូវនេះ ក៏មានការលេចធ្លាយ ចេញតម្លៃរថយន្តនេះទៀត ពោលគឺមានតម្លៃចាប់ពីជិត ៤ម៉ឺន ទៅដល់ ៩ម៉ឺនដុល្លារឯនោះ។
តាមរយៈរូបភាពដែលត្រូវបាន screenshot បង្ហោះលើបណ្តាញអនឡាញ អំពីតម្លៃ នៃរថយន្តភីកអាប់អគ្គិសនីនេះ បង្ហាញថា F-150 Lightning មាន option ចំនួន៤ ដូចជា៖
-PRO តម្លៃ ៣៩ ៩៧៤ដុល្លារ
-XLT តម្លៃ ៥២ ៩៧៤ដុល្លារ
-LARIAT តម្លៃ៦៧ ៤៧៤ដុល្លារ
-PLATINUM តម្លៃ ៩០ ៨៧៤ដុល្លារ។

រថយន្តភីកអាប់ Ford F-150 Lighting កំពុងតែទទួលបាន ជោគជ័យយ៉ាងខ្លាំង ទាំងដែលវាមិនទាន់ចេញលក់ ជាផ្លូវការផង ខណៈក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បានទទួលការកក់ជិត ២០០ ០០០គ្រឿងបាត់ទៅហើយ។
វាគឺជាតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែ Ford ត្រូវចំណាយពេលលើសពី ៣ឆ្នាំដើម្បីសម្រេចចំនួននេះ ព្រោះដើមឡើយក្រុមហ៊ុន មានគម្រោងផលិត F-150 Lighting តែ ១៥ ០០០គ្រឿងនៅឆ្នាំ២០២២, ដំឡើងដល់ ៥៥ ០០០គ្រឿងក្នុងឆ្នាំ២០២៣ និង ៨០ ០០០គ្រឿង ក្នុងឆ្នាំ២០២៤។

ជាសំណាងល្អ អ្នកនាំពាក្យក្រុមហ៊ុន Ford លោក Dawn McKenzie បានប្រាប់ឲ្យដឹងថា Ford កំពុងតែធ្វើការដើម្បីបង្កើនចំនួនផលិត ឲ្យបាន ៨០ ០០០គ្រឿងនៅក្នុងឆ្នាំ២០២៣ ដើម្បឲ្យស្របតាមតម្រូវការអតិថិជិន។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមទៀតថា Ford បានសម្រេចចិត្ត ឈប់ទទួលការកក់ថ្មីហើយ ដើម្បីចាប់ផ្តើមទទួលយក ការបញ្ជាទិញសម្រេចចុងក្រោយតែម្តង។ គួរឲ្យដឹងដែរថា ក្រុមហ៊ុន Ford បានបើកឲ្យអតិថិជនធ្វើការកក់លុយ ត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ សម្រាប់ភីកអាប់អគ្គិសនី F-150 Lighting។
គួរដឹងថា អាគុយរបស់ Ford F-150 Lighting មានជម្រើសពីរគឺ standard range និង extended range។ សម្រាប់អាគុយ standard range មានទំហំ ៩៨គីឡូវ៉ាត់ម៉ោង ពេលសាកពេញម្តងបើកបានចម្ងាយ ៣៧០គីឡូម៉ែត្រ។ ចំណែកអាគុយ extended range មានទំហំ ១៣១គីឡូវ៉ាត់ម៉ោង ពេលសាកពេញធ្វើដំណើរ បានចម្ងាយ ៤៨០គីឡូម៉ែត្រ៕ Source: Sabay

