បរទេស៖ ការលក់រថយន្តម៉ាក Tesla និង Volvo កំពុងតែទទួលបានភាពទាក់ទាញ ខណៈដែលម៉ាករថយន្តទាំងពីរនេះ ប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងនាមជារថយន្តអគ្គិសនី ដែលកំពុងរីកចម្រើន នៅក្នុងទីផ្សារកូរ៉េ ខណៈដែល រថយន្តម៉ាក Volkswagen, Ford, Jaguar និង Land Rover ដែលអ្នកដឹកនាំទីផ្សារប្រពៃណី ហាក់ដូចជាបាត់បង់ល្បឿនប្រកួតប្រជែង។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាម CarIsYou ដែលជាមន្ទីរពិសោធន៍ទិន្នន័យរថយន្ត គឺថា Tesla បានជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងការលក់រថយន្តនាំចូល ដោយកត់ត្រាចំនួន ១៧ ៨២៨គ្រឿង កាលពីឆ្នាំមុន។ បរិមាណលក់របស់វា បានកើនឡើង ៥០,៨ ភាគរយធៀបនឹងឆ្នាំមុន។
Tesla បានចូលទីផ្សារកូរ៉េដំបូងក្នុងខែមិថុនា ឆ្នាំ ២០១៧ ហើយបានចូលកាន់កាប់ ទីផ្សារយ៉ាងឆាប់រហ័សបន្ទាប់ពីនោះ។ គិតត្រឹមឆ្នាំ ២០២០ Tesla បានជាប់ចំណាត់ថ្នាក់ទី៦ ទាក់ទងនឹងការលក់រថយន្ត ដឹកអ្នកដំណើរ ដែលបាននាំចូល ហើយបានឡើង ដល់ចំណាត់ថ្នាក់ទី ៤ កាលពីឆ្នាំមុន ដោយបានយកឈ្នះក្រុមហ៊ុន Volvo និង Volkswagen ។
Tesla បានលក់រថយន្តចំនួន ១៧ ៨២៨ គ្រឿងកាលពីឆ្នាំមុន ដែលស្មើនឹង ៧៣,៨ ភាគរយ នៃការលក់រថយន្តអគ្គិសនី EV ដែលបាននាំចូលសរុប។
តាមគំរូ រថយន្ត Model 3 របស់ក្រុមហ៊ុន Tesla លក់បានច្រើនបំផុតក្នុងចំណោមរថយន្ត EV នាំចូលដែលមានចំនួន ៨ ៨៩៨ គ្រឿង បន្ទាប់មកគឺ Tesla Model Y ដែលបានចាប់ផ្តើមលក់កាលពីឆ្នាំមុន ដែលមានរថយន្តចំនួន ៨ ៨៩១គ្រឿង
ចំណែកប្រតិបត្តិការដ៏មានស្ថិរភាពរបស់ Volvo ក៏គួរឱ្យកត់សម្គាល់ផងដែរ ព្រោះវាកំពុងប្រកួតប្រជែង យ៉ាងស្វិតស្វាញជាមួយក្រុមហ៊ុន Tesla ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៤ ។ Volvo ដែលជាប់ចំណាត់ថ្នាក់ទី៥ ការលក់រថយន្តដឹកអ្នកដំណើរ ក្នុងចំណោមរថយន្ត ដែលនាំចូលកាលពីឆ្នាំមុន បានលក់រថយន្តចំនួន ១៥ ០៥៦ គ្រឿង៕ ប្រែសម្រួលៈ ណៃ តុលា
