Ford ដែលជាម៉ាកយីហោរថយន្តភីកអាប់ ដ៏ល្បីល្បាញបំផុត បានប្រកាសផ្អាកទទួលការកក់រថយន្ត Maverick Hybrid ឆ្នាំ២០២២ហើយ ដោយសារត្រូវគេកុម្មង់ទិញ អស់រលីងតែម្តង ក៏ព្រោះតែភាពលេចធ្លោរបស់វា នូវតម្លៃ និងការស៊ីសាំងតិច។

Ford បានប្រកាសប្រាប់ទៅតំណាងចែកចាយរបស់ខ្លួន ឱ្យផ្អាកទទួលការកក់រថយន្តនេះសិន ដោយក្រុមហ៊ុន នឹងបើកឱ្យកុម្មង់វិញ នៅអំឡុងរដូវក្តៅខាងមុខ។
លោក Dean Stoneley អគ្គនាយកក្រុមហ៊ុន Ford បាននិយាយថា «យើងមិនចង់ទទួលការកុម្ម៉ង់ លើសពីចំនួនដែលយើងអាចផលិតបាននោះទេ»។ លោកបន្តថា ក្រុមហ៊ុនបានទទួលការកក់ពីអតិថិជន ដែលធ្លាប់តែប្រើរថយន្តមួយតឹក ព្រោះតែរថយន្ត Maverick នេះ គឺមានតម្លៃសមរម្យបំផុត។
គួរបញ្ជាក់ថា Ford Maverick Hybrid គឺត្រូវបានដាក់លក់ ក្នុងទីផ្សារអាមេរិក ដោយមានតម្លៃចាប់ពី ២ម៉ឺនដុល្លារឡើងទៅ។

រថយន្តភីកអាប់នេះ អាចធ្វើដំណើរបានច្រើនជាង ៦០០មាយ៍ (៩៦៥គីឡូម៉ែត្រ) នៅពេលចាក់សាំងមួយពេញធុង។ វាបំពាក់ម៉ាស៊ីនសាំង ចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ និង ប្រអប់លេខអូតូ CVT មានកម្លាំង ១៩១សេះ ហើយប្រើប៉ុងមួយវិលកង់មុខ។ ជាមួយនឹងម៉ាស៊ីន Hybrid បែបនេះ ច្បាស់ណាស់រថយន្តភីកអាប់ខាងលើ ប្រាកដជាសន្សំសំចៃខ្លាំង។ វាមានកម្រិតស៊ីសាំង ជាមធ្យមខ្ទង់ ៥លីត្រប៉ុណ្ណោះ៕ Source: Sabay
