បច្ចេកវិទ្យា

ការលក់របស់ក្រុមហ៊ុន Honda ប្រាក់ចំណេញធ្លាក់ចុះ ចំពេលមានការកើនឡើងថ្លៃដើម បន្ទាប់កង្វះបន្ទះឈីប

តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Honda Motor Co បានធ្លាក់ចុះ ៣២ភាគរយ នៅត្រីមាសចុងក្រោយនេះ ដោយសារការកើនឡើង នៃថ្លៃសម្ភារៈ និងកង្វះខាតបន្ទះសៀគ្វីកុំព្យូទ័រ បានរងផលប៉ះពាល់ ដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។

ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងតូក្យូ បាននិយាយថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនហុងដា សម្រាប់រយៈពេល៣ខែ រហូតដល់ខែធ្នូ មានចំនួនសរុប ១៩២.៩ ពាន់លានយ៉េន (១.៧ ពាន់លានដុល្លារ) ធ្លាក់ចុះពី ២៨៤ ពាន់លានយ៉េនកាលពីឆ្នាំមុន។

ការលក់ប្រចាំត្រីមាសបានធ្លាក់ចុះ ២ភាគរយមកនៅត្រឹម ៣.៧ ពាន់ពាន់លានយ៉េន (៣២ ពាន់លានដុល្លារ)។

ដូចក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត របស់ពិភពលោក ការផលិតរបស់ Honda ក៏រងផលប៉ះពាល់ ដោយការពន្យារពេល ដោយសារវិធានការទប់ស្កាត់ការផ្ទុះឡើង នៃមេរោគឆ្លង។ ក្រុមហ៊ុនផលិតរថយន្ត កំពូលរបស់ជប៉ុន Toyota បានរាយការណ៍ពីការធ្លាក់ចុះ នៃប្រាក់ចំណេញដូចគ្នា ចំណែកក្រុមហ៊ុន Honda ផលិតរថយន្ត Accord sedan ម៉ូតូ Gold Wing និងមនុស្សយន្ត Asimo បាននិយាយថា ខ្លួនរំពឹងថា បញ្ហាប្រឈមនឹងនៅតែមាន។

ការកើនឡើងតម្លៃសម្ភារៈក៏ជាបញ្ហាមួយដែរ ប៉ុន្តែក្រុមហ៊ុនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយ ការចំណាយបានធ្វើឲ្យវាបង្កើន ការព្យាករណ៍ប្រាក់ចំណេញរបស់ខ្លួន។

វាបានបង្កើនការព្យាករណ៍ប្រាក់ចំណេញ ប្រចាំឆ្នាំសារពើពន្ធរបស់ខ្លួនដល់ ៦៧0 ពាន់លានយ៉េន (៥.៨ ពាន់លានដុល្លារ) ពីការព្យាករណ៍មុន ៥៥៥ ពាន់លានយ៉េន (៤.៨ ពាន់លានដុល្លារ) ជាការប្រសើរឡើងពីប្រាក់ចំណេញ ៦៥៧ ពាន់លានរកបានក្នុងឆ្នាំសារពើពន្ធមុន៕ ដោយ៖លី ភីលីព

Most Popular

To Top