អាជ្ញាធររដ្ឋ Texas សហរដ្ឋអាមេរិក បានប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ ប្រព័ន្ធ Face Recognition ដោយចោទប្រកាន់ថា ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានរំលោភលើច្បាប់ ការពារឯកជនភាព របស់រដ្ឋជាមួយនឹងបច្ចេកវិទ្យាសម្គាល់មុខ ដែលប្រមូលទិន្នន័យជីវមាត្រ របស់ប្រជាជននៅក្នុងរដ្ឋ Texas រាប់លាននាក់ ដោយគ្មានការយល់ព្រមពីពួកគេ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន the Wall Street Journal។
នៅក្នុងពាក្យបណ្ដឹងរដ្ឋាភិបាល ក៏បានចោទប្រកាន់ Facebook ពីបទទាញយកព័ត៌មានជីវមាត្រ ពីរូបថត និងវីដេអូ ដែលអ្នកប្រើប្រាស់បានបង្ហោះ ដោយគ្មានការយល់ព្រម បង្ហាញព័ត៌មានដល់អ្នកដទៃ និងខកខានក្នុងការបំផ្លាញវា ក្នុងរយៈពេលដ៏សមរម្យមួយ។
កាលពីចុងឆ្នាំកន្លងទៅក្រុមហ៊ុន Meta បានប្រកាសថា នឹងបិទប្រព័ន្ធ Face Recognition របស់កម្មវិធីហ្វេសប៊ុក ហើយសន្យាថា នឹងលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលពួកគេបានប្រមូល ដែលមានចំនួនប្រមាណ មួយពាន់លាននាក់។ មុខងារសម្គាល់មុខត្រូវបានក្រុមហ៊ុន ដាក់បញ្ចូលទៅក្នុងកម្មវិធីហ្វេសប៊ុក កាលពីឆ្នាំ២០១១ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរមួយចំនួន ដែលអាចឱ្យអ្នកប្រើប្រាស់បិទប្រព័ន្ធ Face Recognition បាន។ បច្ចុប្បន្នមានអ្នកប្រើប្រាស់ តែប្រមាណ ៣០ភាគរយ ដែលកំពុងតែប្រើមុខងារនេះ។
គួរបញ្ជាក់ផងដែរថា ប្រជាប្រិយភាពរបស់កម្មវិធីហ្វេសប៊ុក មានការថយចុះខ្លាំង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងក្មេងវ័យជំទង់។ ក្នុងឆ្នាំ២០១២ ៩៤% នៃក្មេងជំទង់មានគណនីហ្វេសប៊ុក ប៉ុន្តែចំនួននេះបានថយចុះនៅសល់ តែ២៧%នៅក្នុងឆ្នាំ២០២១ ហើយពួកគេបានងាកមកប្រើកម្មវិធី ទំនាក់ទំនងសង្គមផ្សេងៗទៀត មានដូចជា Snapchat, Twitter, Instagram និង TikTok ជំនួសវិញ៕ Source: Sabay