នៅទីបំផុត ក្រុមហ៊ុន Mercedes-AMG បានដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីម៉ូដែល EQE 43 4MATIC និង EQE 53 4MATIC+ ជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក។


រថយន្តអគ្គិសនី EQE 43 4MATIC មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ជាមួយនឹងប្រព័ន្ធបើកបរប៉ុងពីរ ដែលបង្កើតកម្លាំងបានសរុប ៤៦៩សេះ និងកម្លាំងរមួល ៨៥៨ញ៉ូតុនម៉ែត្រ។ វាអនុញ្ញាតឲ្យរថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,២វិនាទី និងអាចរត់ដល់ល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះដែរ វាក៏បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៩០,៦គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរដល់ ៥៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ វាក៏គាំទ្រការសាកភ្លើងល្បឿនលឿនដែរ ដោយចំណាយពេលត្រឹម ១៥ប៉ុណ្ណោះ អាចបានចម្ងាយ ១៨០គីឡូម៉ែត្រ។

ក្រឡេកមកមើលម៉ូដែល EQE 53 4MATIC+ វិញម្តង គឺរឹតតែពិសេស ដោយមានបំពាក់ម៉ូទ័រអគ្គិសនី២ និងប្រព័ន្ធប៉ុងពីរដូចគ្នា ប៉ុន្តែអាចមានកម្លាំងសរុបដល់ទៅ ៦១៧សេះ និងកម្លាំងរមួល ៩៥០ញ៉ូតុនម៉ែត្រ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទី និងមានល្បឿនអតិបរមាដល់ ២២០គីឡូម៉ែត្រ។ ចំណែកឯចម្ងាយបើកបររបស់វាវិញគឺប្រហែល ៥២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

អ្វីដែលរឹតតែពិសេសនោះគឺ អ្នកអាចជ្រើសរើសកញ្ចប់ Option “AMG Dynamic Plus Package” ដែលជួយឲ្យរថយន្តនេះឡើងកម្លាំងសរុបដល់ ៦៧៧សេះ និងកម្លាំងរមួល ១០០០ញ៉ូតុនម៉ែត្រ ហើយអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៣វិនាទី និងមានល្បឿនអតិបរមាដល់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

យ៉ាងណាមិញ ក្រុមហ៊ុន Mercedes-AMG មិនទាន់បានបង្ហាញឲ្យដឹងនូវតម្លៃនៃរថយន្តទាំងពីរម៉ូដែលខាងលើឡើយ៕
