បច្ចេកវិទ្យា

iPhone អេក្រង់​គាំង​ Touch កុំ​ទាន់​អាល​ទៅ​រក​ជាង សាកល្បង​វិធី​ងាយៗ​នេះ​សិន​!

ជា​ទូទៅ​ការ​គាំង Touch Screen នៅ​លើ​ទូរសព្ទ​ iPhone ជួន​កាល​មិន​ប្រាកដ​ថា ១០០ ភាគរយ បណ្ដាល​មក​ពី​បញ្ហា​ Hardware ទាំង​ស្រុង​ឡើយ ជួន​កាល​អាច​មក​ពី​បញ្ហា​ Software ដែរ ។ បែប​នេះ​ហើយ​ Sabay នឹង​បង្ហាញ​ពី​វិធី​ដោះស្រាយ ២ យ៉ាង សម្រាប់​អ្នក​ជួប​បញ្ហា​មួយ​នេះ ឱ្យ​សាកល្បង​អនុវត្ត​ដោយ​ខ្លួន​ឯង​ជា​មុន​សិន មុន​គិត​ថា​ទៅ​រក​ជាង​ឱ្យ​ជួសជុល ជៀសវាង​ចំណាយ​ថវិកា​ច្រើន​ ។ ​

១.បិទ​បើក​​ម៉ាស៊ីន​តាម​ Key សម្ងាត់​

បើ​ iPhone អ្នក​គាំង​ Touch ពេល​ចុច​ Lock Screen បើក​ទូរសព្ទ នោះ​អ្នក​នឹង​មិន​អាច​ចុច​អ្វី​បាន​ទាំង​អស់​ មិន​ថា ​សូម្បី​តែ​អូស​បិទ​ម៉ាស៊ីន ​។​ វិធី​មួយ​យើង​អាច​សាកល្បង​ បាន​តាម​រយៈ​គ្រាប់​ចុច​ឫ​ Key សម្ងាត់ ដើម្បី​ឱ្យ​ម៉ាស៊ីន​បិទ ​ដោយ​ស្វ័យ​ប្រវត្តិ​ ដោយ​ចុច​ Volume Down + Power ឱ្យ​ជាប់​ប្រហែល ៥ វិនាទី​ដល់​ងងឹត​អេក្រង់ (សម្រាប់​ iPhone 7/7+) ឫ​ចុច​ Home + Power ឱ្យ​ជាប់​ប្រហែល ៥ វិនាទី (សម្រាប់​ iPhone 7 ចុះ​ក្រោម) ហើយ​ចុច​ប៊ូតុង​ Power បើក​មក​វិញ​ជា​ធម្មតា ​។​ ពេល​អេក្រង់​បើក​ដំណើរការ​មក​វិញ ភាគ​ច្រើន​បញ្ហា​ Touch ក៏​ដំណើរការ​ស្រួល​វិញ នេះ​ហើយ​ដែល​យើង​ហៅ​ថា ​វា​ជា​បញ្ហា​គាំង​ Software ទេ​។ (បើ​មិន​ជោគជ័យ​អនុវត្ត​ចំណុច​ទី ២) ​

២.ធ្វើ​ការ​ Restore ម៉ាស៊ីន:

ករណី​បើ​យើង​ Restore ម៉ាស៊ីន​គឺ​ពុំ​អាច​ធ្វើ​ការ​ Back Up ឯកសារ​បាន​ឡើយ ព្រោះ​ពេល​ដោត​កុំព្យូទ័រ ​ជាមួយ​ទូរសព្ទ​វា​ទាមទារ​ឱ្យ​ចុច​ Trust ប៉ុន្តែ​គាប់​ជួន​ពេល​នោះ iPhone របស់​យើង​គាំង​ Touch ហើយ​ជម្រើស​តែ​មួយ​គត់ ​គឺ​មាន​តែ Restore ម៉ាស៊ីន​ថ្មី​។

-​ បើក​កម្មវិធី iTunes លើ​កុំព្យូទ័រ​ ហើយ​ដោត​ភ្ជាប់​ iPhone
ដាក់​ iPhone ចូល​ទៅ​កាន់​ DFU Mode (ដោយ​ iPhone 7/7 Plus ចុច​ Volume Down + Power ឱ្យ​ជាប់​ប្រហែល ៤ វិនាទី​ដល់​រលត់​អេក្រង់​ ប្រលែង​ Power រក្សា​ម្រាម​ដៃ​លើ​ Volume Down ដ៏​ងងឹត​អេក្រង់​ឈង​ បើ​ទូរសព្ទ​ស៊េរី​ហ្នឹង ​ចុះ​ក្រោម​ចុច Home + Power )
iTunes នឹង​ចាប់​បាន​ថា ​ទូរសព្ទ​អ្នក​ស្ថិត​ក្នុង​មុខងារ DFU ឫ​ Recovery Mode ហើយ​វា​នឹង​លោត​ផ្ទាំង​មួយ
ចុច​ Restore iPhone ជា​ការ​ស្រេច​ (ទាមទារ​ឱ្យ​មាន​អ៊ីនធឺណិត​)
នៅ​ពេល Restore ចប់​ម៉ាស៊ីន​នឹង​ទាមទារ​ឱ្យ​ Activate សារ​ជា​ថ្មី ហើយ​ ៥០ ភាគរយ​ដំណើរការ​ Touch Screen អាច​ដើរ​វិញ​ជា​ធម្មតា ប៉ុន្តែ​បើ​នៅ​មាន​បញ្ហា​ទៀត​នោះ ​អ្នក​ប្រហែល​ជា​ត្រូវ​អស់​លុយ​ធ្ងន់ ​ក្នុង​ការ​ជួសជុល​ផ្នែក Hardware ហើយ​។​

បញ្ជាក់: ករណី​មាន​ឯកសារ​ចាំបាច់​ អ្នក​មិន​គួរ​អនុវត្ត​ចំណុច​ទី ២ ទេ គប្បី​ត្រូវ​ទៅ​រក​ជាង​ដើម្បី​ពិគ្រោះ​យោបល់​ក្នុង​ការ​សង្គ្រោះ​ឯកសារ​ទុក​ជា​មុន​។​​​​​​​​*

Most Popular

To Top