ក្រុមហ៊ុន Kia ប្រចាំនៅសហរដ្ឋអាមេរិក បានប្រកាសចេញជាផ្លូវការ នូវតម្លៃរថយន្ត Kia Sportage ឆ្នាំ២០២៣ បន្ទាប់ពីចេញលក់ នៅទីផ្សារអឺរ៉ុប អូស្ត្រាលី និងកូរ៉េ ។
រថយន្តនេះមានតម្លៃចាប់ពី ២៥ ៩៩០ដុល្លារ ដល់ ៣៦ ៧៩០ដុល្លារ ពោលគឺថ្លៃជាងគូប្រជែង Hyundai Tucson បន្តិច ដែលមានតម្លៃចាប់ពី ២៥ ៥០០ដុល្លារ ដល់ ៣៥ ០០០ដុល្លារ។
សូមមើលតម្លៃក្នុងតារាងខាងក្រោម៖
រថយន្ត Kia Sportage spec អាមេរិក គឺវែងជាង spec អឺរ៉ុប ប្រមាណ ១៨សង់ទីម៉ែត្រ ដែលធ្វើឱ្យកាប៊ីនខាងក្នុង ក៏ធំទូលាយជាងបន្តិចដែរ។
រថយន្តនេះ ប្រើម៉ាស៊ីន Smartstream GDI ស៊ីឡាំង៤ ចំណុះ២,៥លីត្រ ផលិតបានកម្លាំង ១៨៧សេះ រត់ប៉ុងមុខ ឬប៉ុង២ ជាមួយប្រអប់លេខអូតូ៨វគ្គ ហើយក៏មានជម្រើសប្រព័ន្ធគ្រប់គ្រងប៉ុង (កាពីតាស់) ផងដែរ។ នៅថ្ងៃខាងមុខ Kia ក៏នឹងផ្តល់ជម្រើសម៉ាស៊ីនទាក់បូ Hybrid ចំណុះ ១,៦លីត្រ ផលិតបានកម្លាំង ២២៦សេះ និងជម្រើសម៉ាស៊ីន Plug-in Hybrid ដែលសាកភ្លើងពេញ បើកបានចម្ងាយ ៥១គីឡូម៉ែត្រ។
មកមើលការឌីហ្សាញផ្នែកខាងក្នុងវិញ រថយន្ត Kia Sportage Hybrid បានបំពាក់នូវកុងទ័រឌីជីថល តភ្ជាប់ជាមួយអេក្រង់ប្រព័ន្ធកម្សាន្ត ១២,៣អ៉ីញ ដោយអេក្រង់នេះអាចភ្ជាប់ Apple CaPlay និង Android Auto។ វាក៏មានឆ្នាំងសាកឥតខ្សែសម្រាប់ទូរសព្ទ និងមានប្រព័ន្ធសំឡេង Harman-Kardon ទៀតផង។
ចំណុចពិសេសរបស់រថយន្តសេ៊រីឆ្នាំ២០២៣នេះ គឺត្រូវបានបំពាក់ប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ (AEB), ប្រព័ន្ធជួយឱ្យរថយន្តបើកក្នុងគន្លងត្រឹមត្រូវ, ប្រព័ន្ធភ្លើងហ្វាស្វ័យប្រវត្តិ, មុខងារ Blind-spot, ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិធៀបនឹងរថយន្តខាងមុខ, មុខងារជំនួយអ្នកបើកបរលើផ្លូវហាយវេ និងមានកាមេរ៉ា 360 ជារូបភាព 3D view៕