ទីក្រុងឡុងដ៍៖ ប្រទេសរុស្ស៊ី បានធ្វើឲ្យបណ្តាញសង្គម Facebook មិនអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ នៅទូទាំងក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ឈានមុខគេរបស់រុស្ស៊ី ចំពេលមានការកកិតកើនឡើង រវាងទីក្រុងម៉ូស្គូ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
អ្នកត្រួតពិនិត្យអ៊ីនធើណេត ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ NetBlocks រាយការណ៍ថា បណ្តាញចែកចាយមាតិការបស់ Facebook នៅប្រទេសរុស្ស៊ីត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យថា មាតិកាលែងផ្ទុកទៀតហើយ ឬផ្ទុកយឺតខ្លាំង ដែលធ្វើឲ្យវេទិកាមិនអាចប្រើបាន។
និយតករទូរគមនាគមន៍រុស្ស៊ី Roskomnadzor កាលពីថ្ងៃសុក្របានប្រកាសពីផែនការ រឹតបន្តឹងផ្នែកខ្លះការចូលប្រើ Facebook ។ នៅថ្ងៃដដែលនោះ ប្រធានគោលនយោបាយសន្តិសុខរបស់ Facebook បាននិយាយថា ក្រុមហ៊ុនកំពុងរារាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី ពីការដំណើរការការផ្សាយពាណិជ្ជកម្ម ឬបើមិនដូច្នេះទេការរកប្រាក់ចំណេញ នៅលើវេទិការបស់ខ្លួនគ្រប់ទីកន្លែង ក្នុងពិភពលោក។
Facebook បាននិយាយថា ខ្លួនក៏បានបដិសេធសំណើ របស់វិមានក្រឹមឡាំងមិនឲ្យដំណើរការ ការត្រួតពិនិត្យការពិតទាក់ទង នឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នៅលើវេទិកាសម្រាប់អ្នកប្រើប្រាស់ នៅប្រទេសរុស្ស៊ី។ NetBlocks បានរាយការណ៍មុននេះថា ការចូលប្រើ Twitter ត្រូវបានកម្រិតដូចគ្នាកាលពីថ្ងៃសៅរ៍ នោះគឺមួយថ្ងៃបន្ទាប់ពី Twitter បាននិយាយថា ខ្លួនបានផ្អាកការផ្សាយពាណិជ្ជកម្ម ជាបណ្ដោះអាសន្ន ទាំងនៅអ៊ុយក្រែន និងរុស្ស៊ី។
ការរឹតបន្តឹងលើ Twitter និង Facebook អាចត្រូវបានជៀសវាង នៅក្នុងប្រទេសរុស្ស៊ីដោយប្រើកម្មវិធី VPN ដូចអ្នកប្រើប្រាស់ នៅក្នុងប្រទេសចិនដីគោកដែរ៕ ដោយ៖លី ភីលីព