សព្វថ្ងៃមនុស្សប្រើប្រាស់ បណ្ដាញសង្គម Facebook ក្នុងគោលដៅជាការកម្សាន្ត, ការប្រកបរបរអាជីវកម្ម និងទទួលចំណេះដឹងជាដើម។ យ៉ាងណាមិញអ្នកក៏អាចប្រឈម ជាប់ឈ្មោះជាមនុស្សញៀន Facebook បើអ្នកកំពុងស្ថិតក្នុងសញ្ញាទាំង ៥ នេះ។
១.បើកមើល Facebook គ្រប់ពេលដែលអាចធ្វើទៅបាន
គ្រប់ពេលដែលអ្នកនៅទីណាមិនថា នៅខាងក្នុងផ្ទះឫខាងក្រៅ កន្លែងញាំអី ជាមួយមិត្តភ័ក្ដិជិតស្និទ្ធ ឫមិត្តរួមការងារ អ្នករមែងបើក Facebook ប្រើប្រាស់។ការធ្វើបែបនេះ ព្រោះក្នុងចិត្តអ្នកចង់ដឹង តើFacebook មានអាប់ដែតព័ត៌មានអ្វីខ្លះនៅថ្ងៃនេះ ឫក៏មានការបង្ហោះចែកចាយអ្វីប្លែក ដែលអ្នកចង់ឃើញ។ រហូតដល់ពេលខ្លះ មនុស្សដែលនៅអង្គុយទល់មុខអ្នក ពួកគេចាប់ផ្ដើមមានអារម្មណ៍ថា អ្នកមិនមានការយកចិត្តទុកដាក់នូវអ្វីដែលគេនិយាយ។
២.ខ្វល់ច្រើនពីការបង្ហោះនៅលើ Facebook
តើអ្នកធ្លាប់ទេ? ចំណាយពេលលើសពី ១៥ នាទី ក្នុងការរើសរូបភាព និងការគិតពី Status ដែលអ្នកត្រូវបង្ហោះលើ Facebook។ ទៀតសោតនៅពេលដែលបង្ហោះហើយ ក្នុងចិត្តអ្នកតែងគិតថាតើពួកគេនឹង Comment បែបណាខ្លះ លើរូបនោះ? ប្រភេទម្យ៉ាងទៀត ខិតខំប្រឹងប្រែងរកតិចនិក វិធីសាស្ត្របែបណា បង្កើតឱ្យមានការកម្សាន្ត ដើម្បីអ្នកដទៃលើ Facebook បានសើចសប្បាយ ឫសរសើរថាអ្នកជាមនុស្សអស្ចារ្យ។
៣.ចំណាយពេលលើសពី ១ ម៉ោងជាមួយ Facebook
អ្នកតែងចំណាយពេលច្រើនអាចលើសពី ១ ម៉ោងក្នុងការលេង Facebook រួមមានដូចជាការលេងហ្គេម, ឆែកមើលរូបអ្នកដទៃ និងសេវាកម្មផ្សេងទៀតរបស់កម្មវិធីនោះ។ អ្វីដែលអស្ចារ្យពេលខ្លះ អ្នកសុខចិត្តចំណាយពេលសម្រាកនៅពេលយប់ ឆ្លៀតលេង Facebook ដែលវាជាផលប៉ះពាល់យ៉ាងខ្លាំងក្លា ដល់ការបម្រើការងារនិងការសិក្សានៅថ្ងៃបន្ទាប់របស់អ្នក។
៤.ព្យាយាមចង់បានមិត្តច្រើនលើ Facebook
អ្នកចូលចិត្តអួតអាងពីចំនួនមិត្តលើ Facebook ជាមួយអ្នកជុំវិញខ្លួន ខណៈពេលខ្លះព្យាយាម Add Friends ឱ្យបានច្រើន ព្រោះគិតថាធ្វើបែបនោះ បើអ្នកមាន Friend ច្រើន នឹងទទួលបានភាពល្បីល្បាញ។ អ្នកលេងធម្មតា គេមិនសូវជាខ្វាយខ្វល់ ជាមួយរឿងរ៉ាវបែបនេះទេ ព្រោះការសិក្សាមួយបង្ហាញ ចេញពីសាកលវិទ្យាល័យ Edinburgh Napier បានរកឃើញថាអ្នកប្រើប្រាស់ Facebook ដែលមាន Friend ច្រើន រមែងជួបបញ្ហាស្រ្តេសច្រើនបំផុតអំឡុងពេលប្រើវា។ មិត្តកាន់តែច្រើន អារម្មណ៍នៃការសង្កេត លើមនុស្សផ្សេងៗគ្នា នឹងចាប់កើតមានឡើង ជាកត្តាធ្វើឱ្យចិត្តអ្នកគិតច្រើនអំពីរឿងទាំងនោះ។
៥.បោះបង់ទំនាក់ទំនងពិតប្រាកដនៅខាងក្រៅ
អ្នកប្រើប្រាស់ Facebook ដើម្បីធ្វើការផ្ញើសារ, ចែកចាយរូបភាព, បង្ហោះ, ផ្ដល់មតិ និង Like ជាដើម បង្ហាញថាអ្នកកំពុងងប់ងុល នឹងសេវាកម្មរបស់ Facebook។ ពេលខ្លះអ្នកមិនព្រមចេញមកក្រៅ អង្គុយផឹកកាហ្វេជាមួយមិត្តភ័ក្ដិទេ ដោយសុខចិត្តទំនាក់ទំនងគ្នាតាម Facebook វិញ។ ការធ្វើបែបនោះ វាជាការបង្ហាញអំពីទំនាក់ទំនងមិនល្អ ព្រោះមិនមានភាសានិយាយ, កាយវិការដ៏សមរម្យមួយឡើយ។ Source: Sabay