បរទេស ៖ ទីភ្នាក់ងារស្រាវជ្រាវ អវកាស របស់សហរដ្ឋអាមេរិក ឬហៅកាត់ថា NASA បានចេញសេចក្តីថ្លែងការណ៍មួយ អរគុណ ចំពោះប្រទេសរុស្សី និងទីភ្នាក់ងារស្រាវជ្រាវរុស្សី Roscosmos ដែលបានធ្វើការ ជួយបញ្ចូន ត្រឡប់អាកាសយានិក អាមេរិក លោក Mark Vande Hei មកកាន់ភពផែនដីវិញ ដោយសុវត្ថិភាព ពីស្ថានីយអវកាសអន្តរជាតិ ISS ។
លោក Vande Hei បានវិលត្រឡប់មកកាន់ភពផែនដីវិញ ជាមួយនឹងអវកាសយានិករុស្សី២រូបផ្សេងទៀត គឺលោក Pyotr Dubrov និងលោក Anton Shkaplerov តាំងតែពីថ្ងៃពុធ តាមពេលវេលា ដែលបានគ្រោងទុក។
ពួកគេទាំងបីបានធ្វើការហោះហើរ ត្រឡប់មកដល់ស្ថានីយបាញ់បង្ហោះ អាកាសយានរបស់រុស្សី ដែលស្ថិតនៅតំបន់ Baikonur ប្រទេសកាហ្សាស្ថានហើយលោក Vande Hei ក៏បានធ្វើដំណើរចាកចេញ ពីទីនោះត្រង់ ទៅកាន់ទីក្រុង Houston សហរដ្ឋអាមេរិកផងដែរ។
គួរឲ្យដឹងដែរថា លោក Vande Hei បានក្លាយ ទៅជាអាកាសយានិក អាមេរិកដែលបានធ្វើដំណើរលើលំហ អាកាសយូរជាងគេបំផុត ក្នុងប្រវតិ្តសាស្ត្រ គិតចាប់តាំងតែពីពេលលោក បានធ្វើដំណើរទៅដល់ ISS កាលពីខែមេសា ឆ្នាំ២០២១ ជាមួយ នឹងលោក Dubrov ហើយពួកគេទាំងពីរ បានធ្វើដំណើរជុំវិញភពផែនដី ដល់ទៅ៥៦៨០ដង ជាមួយនឹងចំងាយ រហូតទៅដល់១៥០លានម៉ាល ៕
ប្រែសម្រួល៖ស៊ុនលី