លោក Elon Musk កំពុងកាន់កាប់ភាគហ៊ុន Twitter ដ៏ច្រើនបំផុត ស្មើនឹង ២,៨៩ពាន់លានដុល្លារ ដែលអ្នកវិភាគមើលឃើញថា នេះជាជំហានមួយនឹងក្លាយទៅជា CEO របស់ក្រុមហ៊ុន Twitter ឆាប់ៗ។
កាលពីថ្ងៃចន្ទកន្លងទៅ កម្មការមូលបត្រអាមេរិក បានបង្ហាញថា Elon Musk កំពុងកាន់កាប់ភាគហ៊ុន ៩,២% នៅក្នុង ក្រុមហ៊ុន Twitter Inc. ដែលនេះជាភាគហ៊ុនដ៏ច្រើន បើធៀបទៅនឹង អតីត CEO Twitter លោក Jack Dorsey កាន់កាប់ភាគហ៊ុន ត្រឹម ២,២៥% តែប៉ុណ្ណោះ។
គួរដឹងថា ការវិនិយោគនេះចាប់ផ្ដើមក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីកំពូលមនុស្សនៅ Silicon Valley បាននិយាយក្នុង Twitter ថា “កំពុងគិតយ៉ាងម៉ត់ចត់ ដើម្បីបង្កើតបណ្ដាញសង្គមមួយ (Social network platform) ដែលនឹងផ្តោតលើ ការនិយាយដោយសេរីជាអាទិភាព”

ជុំវិញរឿងរ៉ាវនេះ អ្នកវិភាគនៅ Wedbush លោក Dan Ives បានលើកឡើងថា នេះជាផ្លូវមួយអាចឱ្យ Elon Musk ខិតកាន់តែកៀកនឹង ក្រុមប្រឹក្សាភិបាល និងការគ្រប់គ្រងរបស់ក្រុមហ៊ុន Twitter ហើយនៅទីបំផុតនឹងអាចដល់ដឹកនាំក្រុមហ៊ុននេះតែម្ដង៕
ប្រភព៖sabay
