ក្រុមហ៊ុនបច្ចេកវិទ្យា Start-up ថ្មីមួយឈ្មោះ «You.com» បានបញ្ចេញផលិតផល Search engine របស់ខ្លួនជាផ្លូវការ។ រឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ ការលេចឡើងនៃវត្តមាននៃ «You.com» បានធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនខ្នាតតូច ស្ថិតក្នុងចំណោមក្រុមហ៊ុនដទៃផ្សេងៗទៀតដែលបង្កើតបានផលិតផល Search engine មកប្រជែងជាមួយ Google ។
ផលិតផល Search engine ផ្សេងៗនោះមានដូចជា DuckDuckGo, StatCounter, Brave, Ecosia និង StartPage ខណៈដែលពួកគេឈរលើ Microsoft’s Bing ជាប្រភពក្នងការបញ្ចេញលទ្ធផល Search ឲ្យអ្នកប្រើប្រាស់តាមអ្វីដែលចង់បាន។ បច្ចុប្បន្ន Microsoft’s Bing ឈរលេខពីរ ចំណែកឯ Google មានអ្នកចូលទៅ Search រាល់ថ្ងៃច្រើនជាងគេបំផុតលើពិភពលោកដល់ទៅ ៩២% ។
ស្ថាបនិកនិងសហស្ថានិកជនជាតិអាមេរិកកាំងពីររូបមានលោក Richard Socher ជាអ្នកវិទ្យាសាស្រ្តកុំព្យូទ័រ និងដៃគូម្នាក់ទៀតឈ្មោះ Bryan McCann អតីតប្រធានផ្នែកនៃក្រុមហ៊ុន Salesforce លើកឡើងថា៖ «ពួកយើងដឹងហើយថា ចំនួនអ្នកចូលចិត្តប្រើ Google នៅមានច្រើន តែយ៉ាងណាស្នាដៃបង្កើតរបស់យើងនឹងខិតខំប្រឹងប្រែងស្វែងរកអ្វីថ្មីសម្រាប់អ្នកប្រើប្រាស់ដូចជា Innovations Interface, បទពិសោធន៍នៃការប្រើរលូនជាងមុន និងដំណើការរហ័សទ្វេដង។»
ក្រុមហ៊ុនថ្មីថ្មោងនេះទទួលបានការគាំទ្រក្នុងទំហំទឹកប្រាក់វិនិយោគចំនួន ២០ លានដុល្លារពី Salesforce ជាក្រុមហ៊ុនអាមេរិកដែលមានឯកទេសខាង cloud-based software ។ You.com អាចឲ្យអ្នកចូលទៅប្រើប្រាស់បានដោយមិនគិតថ្លៃដូច Google ដូច្នោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនៈវិស័យនៃក្រុមហ៊ុននេះយកចិត្តទុកដាក់បំផុតលើព័ត៍មានឯកជនភាពអ្នកប្រើប្រាស់ ការពារមិនឲ្យមានជនទីបី យកទៅប្រើប្រាស់ជាគោលដៅសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មអ្វីឡើយ។ ត្រង់ចំណុចរសើបនេះ Google ធ្លាប់ធ្វើឲ្យលេចធ្លាយដំណឹងលក់ព័ត៍មានអ្នកប្រើប្រាស់ដែលស្ថិតនៅក្នុង eco-system របស់ពួកគេទៅឲ្យភាគីទីបី ឬអតិថិជនផ្សាយពាណីជ្ជកម្មនានា។
ចំពោះលទ្ធផលបានមកពីការ Search លើ You.com របស់អ្នកទាំងអស់គ្នានឹងលេចឡើងគ្រប់ទម្រង់មិនថា រូបភាព វីដេអូរួមទាំង វិបសាយ វីដេអូយូធូប វីដេអូ TikTok, តំណភ្ជាប់ទៅ Reddit និង LinkedIn ជាដើម។ ប្រភពទាំងនេះមួយភាគធំចេញមកពី Microsoft’s Bing ដែលជាគូប្រជែងនឹង Google Search ។ បើសិនអ្នកជា Developer ក៏អាចបង្កើតកម្មវិធី extensions ថ្មីៗស្នើសុំដាក់បញ្ចូលបាន ស្រដៀងទៅនឹង Google ដែរ។
សាកបន្តិចមើល៎! ស្រួលប្រើជាង Google ឬអត់?៕ Source: Sabay