ក្រោយពេលលោក Elon Musk ដាក់សំណើរទិញយក Twitter ក្នុងតម្លៃខ្ទង់រាប់ពាន់លានដុល្លារ (៤៣ ប៊ីលានដុល្លារអាមេរិក) កាលពីថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២២ កន្លងទៅ បានធ្វើឲ្យរំជើបរំជួលដល់បណ្ដាអ្នកសារព័ត៌មាននានាទាំងក្នុងស្រុក និងអន្តរជាតិចុះផ្សាយថា «មហាសេដ្ឋីអាមេរិកលំដាប់កំពូលរូបនេះ នឹងក្លាយទៅជា CEO Twitter នាពេលអនាគតឆាប់ៗនេះ»។
យោងតាមប្រភពពីសារព័ត៌មាន WSJ-Wall Street Journal បានលើកឡើងថា ការដាក់លក់ក្រុមហ៊ុនបណ្ដាញសង្គមដ៏មានឥទ្ធិពលមួយនេះត្រូវបានលោក Jack Dorsey-ជេក ដូស៊ី អតីតនាយកប្រតិបត្តិ និងជាស្ថាបនិក Twitter បង្ហើបថា កន្លងទៅសហគមន៍ក្រុមហ៊ុនបច្ចេកវិទ្យាធំៗធ្លាប់ដាក់សំណើររាប់ពាន់ដុល្លារដើម្បីទិញយក។ សហគមន៍ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះមានក្រុមហ៊ុនដូចជា Google, Microsoft, Disney និង Salesforce ជាក្រុមហ៊ុនឯកទេសខាង cloud-based software លំដាប់ជួរមុខមួយក្នុងចំណោមក្រុមហ៊ុន Software ធំៗនៅអាមេរិក។
ចំពោះលោកផ្ទាល់និងគណៈគ្រប់គ្រង មានចេតនាចង់លក់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះតែមិនបានសម្រេច។ អតីត CEO រូបនោះ ចង់ទៅបង្កើតក្រុមហ៊ុនថ្មីតាំងពីឆ្នាំ ២០១៦ ទើបតែសម្រេចចិត្តចាកចេញពីក្រុមហ៊ុនជាផ្លូវការ កាលពីខែវិច្ឆិការឆ្នាំ ២០២១។ ក្រោយការចាកចេញរបស់លោក Jack ម្ចាស់ភាគហ៊ុនចាស់ៗក៏ចាកចេញជាហេតុធ្វើឲ្យ Twitter ត្រូវការភាពរឹងមាំក្នុងការគ្រប់គ្រងទៅលើបណ្ដាញសង្គមនេះ។ អ្នកជំនួសតំណែងលោក Jack ត្រូវបានជ្រើសរើសចេញពីផ្ទៃក្នុង និងជាបុគ្គលបច្ចេកវិទ្យាជនជាតិឥណ្ឌាម្នាក់ ធ្លាប់សម្រេចបានស្នាដៃគួរឲ្យកត់សម្គាល់។
ក្រឡេកមកតាមដានកំពូលមនុស្ស Elon Musk ក្រោយពេលលោកចាប់អារម្មណ៍ចង់ទិញយក Twitter លោកត្រូវបានគេកត់សម្គាល់ឃើញថា ជាមនុស្សម្នាក់ដែលមើលឃើញនូវចំណុចខ្សោយលើ Twitter ជាច្រើនទាំងការគ្រប់គ្រងក្រុមហ៊ុនជារួម ព្រមទាំងរឿងរ៉ាវផ្ទៃក្នុងជាច្រើនទៀតដែល Twitter កំពុងខ្វះខាត។
បច្ចុប្បន្នលោកមានចំណែកភាគហ៊ុន ៩% នៅក្នុង Twitter បានធ្វើឲ្យលោកក្លាយជាម្ចាស់ភាគហ៊ុនធំ និងជាសមាជិកក្រុមប្រឹក្សាភិបាល ហើយក៏អាចនឹងក្លាយជា នាយកប្រតិបត្តិថ្មីគ្រប់គ្រង Twitter ខណៈដែលសាមីខ្លួនចង់ប្រែក្លាយវាទៅជា «វេទិកាសាធារណក្នុងការបញ្ចេញមតិដោយសេរី» ដែលជារសជាតិថ្មីនៅលើបណ្ដាញសង្គមនេះផងដែរ។ លោកក៏មានមតិយោបល់ប្លែកៗលើចំណុចខ្វះខាតរបស់ Twitter ដែលគេកម្របានឮពីមុនដូចជា ការបង្កើត Edit Button-ប៊ូតុងពាក្យ Edit លើ Comment និងបន្ថែមកូដការពារមេរោគប្រភេទ Spambots ឬ Scam bots-ពពួក bots ស្វ័យប្រវត្តិរំខាន news feed ។
លើសពីនេះប្រសិនបើលោកគ្រប់គ្រង Twitter លោកនឹងប្រែក្លាយ Ads ទៅជារបស់ដែលលែងរំខានលើ news feed របស់អ្នកប្រើ ឬ អាចនឹងធ្វើឲ្យមានតិចបំផុត។ គេមើលឃើញថាប្រសិនបើលោក Elon Musk ត្រូវបានជ្រើសរើសជា CEO ថ្មីនោះលោកនឹងក្លាយជា មហាសេដ្ឋីដែលមានក្រុមហ៊ុន Media ក្នុងដៃដ៏រឹងមាំក្នុងឱកាសបង្កើនឥទ្ធិពលបុគ្គលរបស់លោកផងដែរ៕