Audi បានបញ្ចេញគំរូរថយន្ត MPV ថ្មីរបស់ខ្លួនគឺម៉ូដែល Urbansphere ដែលជាប្រភេទរថយន្តអគ្គិសនី ហើយវានឹងត្រូវផ្តោតសំខាន់បំផុតនៅក្នុងទីក្រុងធំៗរបស់ប្រទេសចិន។


រថយន្ត Audi Urbansphere នេះ ត្រូវបានរចនាជាពិសេសសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងដែលមានមនុស្សច្រើនកកកុញ ព្រោះវាមិនជាធំណាស់ណាទេ តែវែង ដោយវាមានប្រវែង ៥,៥១ម៉ែត្រ ទទឹង ២,០១ម៉ែត្រ កម្ពស់ ១,៧៨ម៉ែត្រ។

ត្បិតវាវែង តែវាមានកៅអីតែ២ជួរ ឬ ៤កៅអីប៉ុណ្ណោះ ហើយកៅអីនីមួយៗគឺសុទ្ធតែសម្រាប់លំដាប់អភិជនតែម្តង មិនថាការបំពេញការងារ ការសម្រាក និងកម្សាន្តនោះទេ ដែលវាបត់បាន និងប្រើមុខងារតាមអ្វីដែលយើងចង់បាន។

ចំពោះការឌីហ្សាញផ្នែកខាងមុខ ត្រូវបានហៅថា Audi Light Canvas ដែលមានបន្ទះពន្លឺឌីណាមិច។ ក្នុងប៉ាណា មានបង្កប់ដោយអំពូលតូចៗ ដែលជាសញ្ញាផ្តល់ដល់អ្នកបើកបរដទៃ ដើម្បីបង្កើនសុវត្ថិភាពថែមទៀត។ ឯផ្នែកខាងក្រោយវិញ ក៏ត្រូវបានឌីហ្សាញយ៉ាងស្រស់ស្អាតផងដែរ។

រថយន្ត Audi នេះ បំពាក់ម៉ូទ័រអគ្គិសនី២ ផលិតបានកម្លាំង ៣៩៥សេះ និងកម្លាំងរមួល ៦៩០ញ៉ូតុនម៉ែត្រ រត់ប៉ុង២។ ចំណែកអាគុយរបស់វាមានទំហំជាង ១២០គីឡូវ៉ាត់ម៉ោង ដោយពេលសាកពេញម្តង អាចធ្វើឱ្យរថយន្តធ្វើដំណើរបានចម្ងាយ ៧៥០គីឡូម៉ែត្រ។ បន្ថែមលើសនេះ វាក៏ភ្ជាប់ជាមួយដុំសាកលឿន ក្នុងការសាកពី ៥ ដល់ ៨០% ប្រើពេលតិចជាង ២៥នាទី។

លើសពីនេះទៅទៀត Urbansphere ក៏មកជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិ Level 4 ផងដែរ ដែលបច្ចុប្បន្ន Audi កំពុងសហការជាមួយក្រុមហ៊ុន Software CARIAD។ ចំណុចពិសេសនោះគឺថា វាអាចបើកបរស្វ័យប្រវត្តិដឹកអ្នកដំណើរពីមុខផ្ទះ ទៅកាន់គោលដៅណាមួយ បន្ទាប់មករថយន្តនេះនឹងទៅរកកន្លែងចូលចត និងសាកភ្លើងដោយខ្លួនវាទៀតផង៕
ប្រភព៖sabay
