រថយន្តអគ្គិសនី Tesla កាន់តែមានគូប្រជែងថែមទៀតហើយ ជាពិសេសគូប្រជែង មកពីប្រទេសចិនតែម្តង ក្នុងនោះរថយន្តអគ្គិសនីចិន Nezha S ត្រូវបានបង្ហាញមុខឡើងវិញ បន្ទាប់ពីអាក់ខានមួយ រយៈដោយសារជំងឺរាតត្បាត ។

គួរដឹងថា រថយន្ត Nezha ឬ Neta ជាម៉ាករថយន្តថ្មី ដែលបង្កើតឡើងដោយ Hozon Auto ក្នុងឆ្នាំ២០១៨។
ការឌីហ្សាញរថយន្ត Nezha S ពិតជាគួរឱ្យទាក់ទាញមែនទែន ពិសេសផ្នែកខាងមុខ ដែលមើលទៅកាច ដូចជា ចង្កៀងរាងស្លីម រន្ធបឺតខ្យល់ និងថ្ពាល់រាងកោង។ ឯផ្នែកខាងក្រោយ ចង្កៀង LED លាតជាខ្សែដ៏វែងពីម្ខាងទៅម្ខាង និងមាន spoiler។

រថយន្តនេះ មានប្រវែង ៤៨០០មម ទទឹង ២០០០មម កម្ពស់ ១៤០០ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៩០០មម។ ទំហំប៉ុណ្ណេះ គឺធំជាង Tesla Model 3 បន្តិច។
ផ្នែខាងក្នុងរថយន្ត ទាក់ភ្នែកជាងគេដោយអេក្រង់ បញ្ឈរដ៏ធំ និងមានអេក្រង់តូចមួយទៀត នៅខាងមុខកៅអីអ្នកដំណើរជាប់តែកុង។ វាក៏បំពាក់មកជាមួយ speaker ២១គ្រាប់ កម្តៅពូក កៅអីម៉ាស្សា និងមានអំពូល Ambient light ។

Nezha S ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង Shanhai ។ ក្រុមហ៊ុនមិនទាន់បញ្ជាក់លម្អិត អំពីទំហំអាគុយវាទេ ប៉ុន្តែគេរំពឹងថា អាគុយរបស់វាពេលសាកពេញ អាចធ្វើដំណើរបានចម្ងាយ ៧១០គីឡូម៉ែត្រ (សម្រាប់ Electric Model) និង ១១០០គីឡូម៉ែត្រ (សម្រាប់ Range-Extender)៕
